ធនាគារកណ្ដាលរុស្ស៊ី ដំឡើងអត្រាការប្រាក់១២ភាគរយ បន្ទាប់ពីរូបិយប័ណ្ណរូប៊លធ្លាក់ចុះខ្លាំង

ដោយៈ តែម សុខុម

ម៉ូស្គូ: ធនាគារកណ្តាលរុស្ស៊ី (Bank of Russia) បានដំឡើងអត្រាការប្រាក់របស់ខ្លួនម្ដង៣,៥% រហូតឈានដល់១២%កាលពីថ្ងៃអង្គារ ទី១៥ សីហា បន្ទាប់ពីរូបិយប័ណ្ណជាតិរូប៊ល (Ruble) កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានធ្លាក់ថ្លៃខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេល១៧ខែមកនេះ។

រូបិយប័ណ្ណរូប៊ល បានហក់ឡើងថ្លៃវិញដល់៩៨រូប៊ល ទល់នឹង១ដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំង រហូតដល់១០២រូប៊ល ទល់នឹង១ដុល្លារអាមេរិក កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ សីហា។

ធនាគារកណ្តាលរុស្ស៊ីបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនដែលបានធ្វើឡើង ក្នុងកិច្ចប្រជុំពិសេសមួយ ប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះគឺ “មានគោលបំណងរឹតត្បិតហានិភ័យ ស្ថិរភាពតម្លៃ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលរុស្ស៊ីបានគូសបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណង ទាញអតិផរណាឱ្យធ្លាក់ចុះមកនៅត្រឹម៤%នៅឆ្នាំក្រោយ។ អតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី ស្ថិតក្នុងរង្វង់៤,៣%កាលពីខែកក្កដា។

រហូតមកដល់ពេលនេះ រូបិយប័ណ្ណរូប៊លបានធ្លាក់ថ្លៃ៣៥%ដោយសារផលប៉ះពាល់ខ្លាំង នៃសង្គ្រាមដែលរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលបាផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទោះបីជាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ទណ្ឌកម្មរបស់លោកខាងលិច មកលើរុស្ស៊ី ជះផលប៉ះពាល់តិចតួចយ៉ាងណាក្ដី៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here