ដោយ: គង់ លាងហួរ
ហ្សាការតា: មន្ត្រីម្នាក់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ីបានចូលធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយប័ណ្ណ ដើម្បីការពារការប្រែប្រួលខ្ពស់នៃតម្លៃរូបិយប័ណ្ណរូពៀរបស់ខ្លួន។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។ប្រាក់រូពៀបានធ្លាក់ថ្លៃចុះ០,៨% មកនៅត្រឹម១៥.៣២៥រូពៀ ក្នុងមួយដុល្លារ នៅថ្ងៃចន្ទនេះ ដែលជាកម្រិតខ្សោយបំផុតគិតចាប់តាំងពីខែមីនា ឆ្នាំ២០២៣នេះ។
អត្រាប្តូរប្រាក់ គឺជាថ្លៃរបស់រូបិយប័ណ្ណប្រទេសមួយធៀបនឹងមួយឯកតានៃរូបិយប័ណ្ណប្រទេសមួយទៀត។ អត្រាប្ដូរប្រាក់ជាទូទៅអាចនឹងប្រែប្រួលដោយសារកត្តាមួយចំនួនដូចជា៖អតិផរណា អត្រាការប្រាក់ ស្ថានភាពនយោបាយ-សេដ្ឋកិច្ច។
ជាក់ស្តែង ធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ប៉ុន្តែ វាក៏បានធ្វើឱ្យប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃខ្លាំងធៀបនឹងរូបិយប័ណ្ណផ្សេងៗផងដែរ។
លោក Edi Susianto ប្រធាននាយកដ្ឋានគ្រប់គ្រងរូបិយវត្ថុរបស់ធនាគារកណ្តាលឥណ្ឌូនេស៊ីបានប្រាប់សារពត៌មានរ៉យទ័រថា អន្តរាគមន៍នេះគឺសំដៅធានាឱ្យមានតុល្យភាពល្អនៃការផ្គត់ផ្គង់ និងតម្រូវការ។
ធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ីបានរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែលដោយមិនផ្លាស់ប្តូរជាលើកទី៦ នៅក្នុងកិច្ចប្រជុំ កាលពីខែកក្កដាកន្លងទៅ ដូចដែលបានរំពឹងទុក ដោយអះអាងថា ជំហរគោលនយោបាយបច្ចុប្បន្នគឺគ្រប់គ្រាន់ហើយដើម្បីរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង៕