ដោយ: គង់ លាងហួរ
ស៊ីដនីៈ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីឆ្ពោះទៅរកការខាតបង់ ឬការធ្លាក់ថ្លៃប្រចាំសប្តាហ៍នៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិកងើបឡើងថ្លៃ បន្ទាប់ពីអតិផរណារបស់សហរដ្ឋអាមេរិកមានស្ថិរភាព។
ចំណែក រូបិយប័ណ្ណប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល៦សប្តាហ៍ ត្រឹម១៤៤,៨៩យ៉េន ក្នុងមួយដុល្លារក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រនេះ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២ភាគរយ ហើយបានឆ្ពោះទៅរកការខាតបង់១ភាគរយប្រចាំសប្តាហ៍។
ផ្សារហ៊ុនអចលនទ្រព្យចិនកំពុងរងផលប៉ះពាល់ ដោយសារបញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍខា្នតយក្ស Country Garden។ ជាក់ស្តែង ភាគហ៊ុន Country Garden បានដាំក្បាលចុះរហូតដល់ទៅ១១ភាគរយ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Alibaba បានងើបឡើងថ្លៃ៣,៨ភាគរយ បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សនេះបានប្រកាសពីរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដ៏ល្អបំផុតរបស់ខ្លួន។
ចំណែក ភាគហ៊ុននៅក្នុងប្រតិបត្តិករកាស៊ីណូ Star Entertainment របស់ប្រទេសអូស្ត្រាលីបានហក់ឡើង២០ភាគរយបន្ទាប់ពីក្រុមហ៊ុននេះធានាបាននូវសម្បទានពន្ធពីរដ្ឋ New South Wales៕