ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានលើកឡើងថា បន្ទាប់ពីឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន បានជះឥទ្ធិពលខ្លះៗដល់ការរកស៊ីក្នុងវិស័យស្រូវអង្ករនៅកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីឥណ្ឌាបិទការនាំចេញអង្ករ ធ្វើឱ្យតម្លៃស្រូវកើនឡើងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ពោលគឺកើនឡើងប្រមាណ២០% ដែលធ្វើឱ្យកសិកររីករាយជាមួយនេះ នឹងការកើនឡើងតម្លៃស្រូវ។ ដោយឡែកបច្ចុប្បន្ននេះ តម្លៃអង្ករ មានការកើនឡើងតិចតូច គឺពី៤ទៅ៥%។
លោកបន្តថា “ករណីតម្លៃស្រូវឡើងខ្ពស់ លើសពីតម្លៃអង្ករ នឹងបណ្តាលឱ្យការនាំចេញអង្កររបស់កម្ពុជា មានការថមថយជាងមុន”។
លោកបន្ថែមថា ខណៈនេះ គឺជាពេលវេលាសំខាន់ដែលកម្ពុជា ត្រូវការគ្រប់គ្រងទិន្នន័យ ការនាំចេញស្រូវទៅប្រទេសវៀតណាម ដែលអាចជំរុញ ពីការនាំចេញក្រៅផ្លូវការ មកធ្វើការនាំចេញជាផ្លូវការវិញ។ ជាមួយគ្នានេះ ត្រូវពង្រឹងការគ្រប់គ្រងបរិមាណនាំចេញ ក្នុងកម្រិតណាមួយ ដើម្បីឱ្យរោងម៉ាស៊ីនក្នុងស្រុក អាចទិញស្តុកសម្រាប់ស្តុកទុកស្បៀងក្នុងរយៈពេល១ខែ ឬ២ខែ ទៅមុខទៀត រហូតដល់ការប្រមូលផលស្រូវវស្សានៅអំឡុងដែលវិច្ឆិកាខាងមុខ។
លោកបន្តថា “យើងសន្និដ្ឋានបានថា ពិភពលោកមិនខ្លះស្បៀងនោះទេ គឺបរិមាណដែលប្រទេសនីមួយៗបាននាំចូលរយៈពេល៦ទៅ៧ខែមកនេះ ស្ទើរតែជិត២០លានតោន សម្រាប់ប្រភេទអង្ករស ដែលវាគ្រប់គ្រាន់សម្រាប់ប្រទេសនីមួយៗ”។ លោកបន្តថា “ប៉ុន្តែការទិញដោយគំហុក ស្លន់ស្លោនេះ គ្រាន់តែជាការគិតគូរពីការប្រែប្រែអាកាសធាតុ និងគិតគូរពីសន្តិសុខស្បៀង”។
លោកឧកញ៉ាសុង សារ៉នបានបន្តថា អីចឹងហើយបានប្រទេសនោះសម្រុកទិញស្រូវ ឬអង្ករដើម្បីស្តុកទុក មិនមែនដើម្បីហូបឥឡូវទេ តែដើម្បីស្តុកក្នុងឃ្លាំងប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារ ARDB បានលើកឡើងថា ស្រូវឡើងថ្លៃនឹងផ្តល់ផលល្អ សម្រាប់កសិករដែលបានផលិតដែលធ្វើឱ្យកសិករ ទទួលបានផលចំណេញ។ ប៉ុន្តែសម្រាប់អ្នកនាំចេញអាចរងផលប៉ះពាល់ ដោយសារតែស្រូវឡើងថ្លៃលើសអង្ករខ្លាំងពេក ធ្វើឱ្យពួកគេគ្មានលទ្ធភាពទិញយកទៅកែច្នៃដើម្បីនាំចេញ។
លោកបញ្ជាក់ថា “អង្ករស ដែលជាប្រភេទស្រូវនាំចេញទៅវៀតណាម អាចនឹងឡើងថ្លៃនៅលើទីផ្សារក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏គ្រាន់តែជាការសន្និដ្ឋានដំបូងប៉ុណ្ណោះ ដោយសារតែការប្រមូលផលនៅខេត្តមួយចំនួនទើបតែចាប់ផ្តើមប៉ុណ្ណោះ”។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦២,៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ។
ដោយឡែកការនាំចេញស្រូវចំនួនជិត២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួន៦៦៣.៥១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៦០% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕