ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើង នៅថ្ងៃសុក្រនេះ ហើយប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈអ្នកវិនិយោគបានវាយតម្លៃលើទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីទីផ្សារការងារដែលមានភាពធន់ នៅមុនការចេញផ្សាយរបាយការណ៍ non-farm payrolls។
NonFarm Payroll ជាសូចនាករសេដ្ឋកិច្ច ដែលផ្តល់ព័ត៌មានសំខាន់ៗស្ដីពីនិកម្មភាព (ភាពគ្មានការងារធ្វើ) កំណើនការងារ និងបញ្ជីប្រាក់បៀវត្សរ៍ ដោយមិនរាប់បញ្ចូលនូវចំនួនកសិករ ឬអ្នកមិនជាប់ពន្ធកាត់ទុកឡើយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៤៦ភាគរយ បន្ទាប់ពីបានធ្លាក់ថ្លៃ២,៣ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើងថ្លៃ០,១ភាគរយ។
លោក Anderson Alves អ្នកវិភាគផ្នែកទីផ្សារប្រចាំនៅក្រុមហ៊ុន ActivTrades បានមានប្រសាសន៍ថា “ផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមមុខនឹងលក្ខខណ្ឌជួញដូរដ៏លំបាកនៅថ្ងៃសុក្រនេះ”។
ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានងើបឡើង០,៧ភាគរយ ខណៈដែលសន្ទស្សន៍ Shanghai Composite ងើបឡើង០,៥ភាគរយ។ សន្ទស្សន៍ផ្សារហ៊ុនហុងកុង Hang Seng បានងើបឡើង១,៣ភាគរយនៅពេលបើក។
សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូចំនួន៦បានធ្លាក់ចុះ០,០៣៩% មកដល់១០២,៤១ពិន្ទុ ដោយសន្ទស្សន៍នេះបានថយចុះពីកម្រិតចំណុចកំពូល១០២,៨៤ពិន្ទុ ដែលវាឈានដល់កាលពីថ្ងៃព្រហស្បតិ៍៕