តើការបើកច្រកដឹកទំនិញតាមឡាវទៅចិននឹងចំណេញដល់ កម្ពុជាបែបណា?

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា ប្រសិនបើកម្ពុជា អាចសម្របសម្រួលដឹកជញ្ជូនទំនិញ ឬកសិផលឆ្លងកាត់ប្រទេសឡាវតាមផ្លូវគោក ឆ្ពោះទៅចិន​ជោគជ័យ នឹងធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជា កាន់តែមានដំណើរការល្អ ដឹកជញ្ជូនបានច្រើន និងលឿន ជាពិសេសធ្វើ​ឱ្យចរន្តសេដ្ឋកិច្ច កាន់តែមានភាពរីចម្រើននៅថ្ងៃខាងមុខ។

លោក ជា ចាន់ដារ៉ា បានបន្តថា កន្លងមកកម្ពុជា ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗទៅទីផ្សារចិន តាមកំពង់​ផែខេត្តព្រះសីហនុ និងតាមផ្លូវគោកច្រកបាវិត ចូលទៅផែកាត់ឡៃ ប្រទេសវៀតណាម និងទៅតាមប្រទេសប្រទេស​ថៃជាដើម។

លោកមើលឃើញពីចំណុចវិជ្ជមាន នៃគម្រោងបើកច្រកដឹកជញ្ជូនថ្មីនេះដូចជា ទី១ នឹងជួយបើកច្រកសេដ្ឋកិច្ច រវាងប្រទេស​ឡាវ និងកម្ពុជា លើវិស័យដឹកជញ្ជូននាំចេញនាំចូល រវាងប្រទេសទាំងពីរ និងទី២ ពាក់ព័ន្ធការដឹកជញ្ជូន​លក្ខណៈ​អន្តរជាតិ តាមផ្លូវគោក នឹងចំណាយពេលវេលាតិចជាងមុន ពោលគឺអាចលឿនជាងដឹកតាមផ្លូវទឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់ដារ៉ា​បានបញ្ជាក់ទៀតថា ខេត្តមួយចំនួន​នៃប្រទេសចិន នៅជាប់ព្រំដែនឡាវ គឺពុំមានផ្លូវទឹកនោះទេ ដូច្នេះគឺត្រូវតែដឹកជញ្ជូនតាមផ្លូវគោក ដែលអំណោយផល​ល្អសម្រាប់កម្ពុជា ដឹកជញ្ជូនទំនិញតាមច្រកនេះ។

លោកបន្តថា ការបើកច្រកដឹកជញ្ជូន ស្មើនឹងបើកច្រកសេដ្ឋកិច្ច នឹងមានលំហូរទំនិញទៅវិញទៅមក និងការនាំចេញទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលជួយឱ្យមានចរន្តសេដ្ឋកិច្ចរីកចម្រើន។

អ្នកវិនិយោគិនចិន ដែលមានរោងចក្រនៅកម្ពុជា បានស្នើឱ្យក្រ​សួង សម្របសម្រួលផ្នែកច្បាប់ ដើម្បីងាកមកដឹកជញ្ជូន​កសិផល តាមរយៈប្រទេសឡាវ ទៅកាន់ចិនវិញ ដោយសារការដឹកជញ្ជូនតាមរយៈប្រទេសថៃ និងវៀតណាម មានភាព​ស្មុគស្មាញ និងថ្លៃចំណាយខ្ពស់។

ក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា លោកគង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា​ កំពុងសម្របសម្រួល​ឱ្យមានការដឹកជញ្ជូនកសិផលដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិនតាមមធ្យោបាយផ្លូវគោក។

លោកបញ្ជាក់ថា “​ការធ្វើបែបនេះ ដើម្បីបន្ធូរបន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងភាពស្មុគស្មាញ ដែលកម្ពុជាធ្លាប់​តែពឹង​លើថៃ និងវៀតណាម។ សព្វថ្ងៃនេះ កសិផល ដែលនាំចេញទៅចិនតាមច្រកទាំងពីរនេះភាគច្រើនមានដូចជា ស្វាយ, ទុរេន, ស្វាយចន្ទី, ម្នាស់ និងស្រូវអង្ក ជាដើម”។

លោកបានសម្តែងសុទិដ្ឋិនិយមថា ប្រសិនបើដំណើរការផ្លូវពាណិជ្ជកម្មនេះជោគជ័យ ការនាំចេញកសិផល​របស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយ។

ជាមួយគ្នានេះ កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានលើកឡើងថា ការសម្របសម្រួលឱ្យមាន​ការដឹកជញ្ជូន តាមប្រទេសឡាវទៅកាន់ទីផ្សារចិន គឺជារឿងប្រសើរបំផុត ជាពិសេសសម្រាប់ក្រុមហ៊ុនកញ្ញា ​ដែលមាន​ទីតាំង​ស្ថិតនៅខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ឡាវស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here