អ្នកជំនាញព្រមានថា វិបត្ដិសេដ្ឋកិច្ចនឹងបង្ខំឱ្យធនាគារកណ្ដាល អាមេរិកបញ្ចុះអត្រាការប្រាក់១ភាគរយ

ដោយៈ តែម សុខុម

ញូវយ៉ក: លោក ចេហ្វ្រី សឺមែន (Jeffrey Sherman) នាយករងផ្អែកវិនិយោគ នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាមេរិក DoubleLine Capital ព្រមានថា ទីផ្សារនានាគួរតែត្រៀមខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចដ៏ជ្រៅរបស់អាមេរិក ដែលអាចបង្ខំឱ្យធនាគារកណ្ដាលអាមេរិក (Federal Reserve) បញ្ចុះអត្រាការប្រាក់១%ពេញ។

វាជាការអំពាវនាវយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោក Sherman ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ចចុះខ្សោយ ដែលអាចធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ សូម្បីនៅពេលធនាគារកណ្ដាលអាមេរិក ត្រូវបានរំពឹងថា នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត នៅសប្តាហ៍នេះយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃពុធ ទី២៦ កក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សាររូបិយប័ណ្ណនានា បានភ្នាល់រួចទៅហើយថា ធនាគារកណ្ដា​លអាមេរិក នឹងបញ្ចុះអត្រាការប្រាក់១៣០ពិន្ទុ ក្នុងឆ្នាំ២០២៤ ប៉ុន្តែសម្រាប់លោក Shermanជឿថា ក្រុមអ្នកបង្កើតគោលនយោ​បា​យនឹងចាត់វិធានការយឺតយ៉ាវ ហើយបន្ទាប់មកនឹងបញ្ចុះអត្រាការប្រាក់ធំបំផុត មិនធ្លាប់មានចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក។

លោក Sherman បានលើកឡើងក្នុងបទសម្ភាសន៍មួយថា “សូចនាករសេដ្ឋកិច្ចជាច្រើន ដែលយើងមើលឃើញកំពុងបង្ហាញសញ្ញាព្រមាន ឬសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ច”។ លោកបន្ថែមថា “នៅពេលធនាគារកណ្ដាលអាមេរិក បញ្ចុះអត្រាការប្រាក់ គឺនឹងបញ្ចុះ១០០ពិន្ទុ” ដែលស្មើនឹង១ភាគរយ”។

លោក Sherman កំពុងត្រៀមខ្លួនរង់ចាំលទ្ធផលនេះ តាមរយៈការប្រមូលទិញប័ណ្ណរតនាគារ រយៈពេលវែងចាប់ពី១០ឆ្នាំ ដល់៣០ឆ្នាំ ដោយលោកមើលឃើញថាគ្មានបញ្ហានោះទេ ប្រសិនបើធនាគារកណ្ដាលអាមេរិក ដំឡើងអត្រាការប្រាក់បន្ថែមទៀត នៅសប្តាហ៍នេះក៏ដោយ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here