ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូនៅថ្ងៃពុធនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន១៣៩.២២០តោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺបានកើនឡើង២,៧២ភាគរយធៀបនឹងចំនួន១៣៥.៥៣៧តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើយោងតាមការចុះផ្សាយឱ្យដឹងពីសារពត៌មានរដ្ឋចិន Xinhua នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។របាយការណ៍បានបន្តថា ប្រទេសកម្ពុជារកចំណូលបាន១៨៧លានដុល្លារអាមេរិកពីការនាំចេញកៅស៊ូក្នុងអំឡុងខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះ ដែលធ្លាក់ចុះ១៣,៥ភាគរយពី២១៦,៣លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា “កៅស៊ូស្ងួតមួយតោនជាមធ្យមមានតម្លៃ១.៣៤៤ដុល្លារអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ពោលគឺថយចុះប្រហែល២៥២ដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
ជាក់ស្តែង ប្រទេសកម្ពុជាបាននាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសចិន។
របាយការណ៍ដដែលបានឲ្យដឹងទៀតថាគិតរហូតមកដល់ពេលនេះកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុប៤០៤.៥៧៨ ហិកតា ដែលក្នុងនោះដើមកៅស៊ូស្ថិតលើផ្ទៃដីទំហំ៣១៥.៣៣២ហិកតា ឬស្មើនឹង៧៨ភាគរយ មាន អាយុគ្រប់គ្រាន់សម្រាប់ចៀរជ័រហើយ៕