ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនមកពីវិស័យសំណង់មួយ គ្រោងនឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា នាពេលខាងមុខនេះ ដើម្បីប្រមូលទុនក្នុងការយកទៅពង្រីកអាជីវកកម្មរបស់ខ្លួន។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារហ៊ុនកម្ពុជា លោក ហុង សុហួរបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី ២៤ ខែកក្កដាថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន ដែលមកពីវិស័យសាងសង់នេះ កំពុងធ្វើការងារផ្ទៃក្នុងបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមលក្ខខណ្ឌនៃការចុះបញ្ជីនានារបស់ផ្សារមូលបត្រ។
លោកបញ្ជាក់ថា “បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីវិស័យសំណង់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបោះផ្សាយមូលបត្រកម្មសិទិ្ធនៅលើផ្សារកំណើនរបស់យើង ប៉ុន្តែពួកគេនៅបន្តនីតិវិធីមួយចំនួនទៀតដើម្បីបំពេញតាមលក្ខខណ្ឌនៃការបោះផ្សាយ”។
លោកបន្តទៀតថា ក្រុមការងារបច្ចេកទេសយើង ក៏បានធ្វើការជាមួយក្រុមហ៊ុន ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរៀបចំខ្លួន ឱ្យបានឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនានា ដែលអាចអនុញ្ញាត្តិឱ្យពួកគេអាចធ្វើការបោះផ្សាយបាន ក្នុងការប្រមូលទុន ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ លោកសុំមិនបញ្ចេញនូវឈ្មោះ ក្រុមហ៊ុននៅពេលនេះឡើយ ដោយសារទុកឱ្យក្រុមហ៊ុនបន្តនីតិវិធី និងធ្វើការផ្សព្វផ្សាយដោយខ្លួនឯង។
គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) សហការជាមួយមូលនិធិ ការធានាឥណទាន និងមធ្យោបាយវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន នៅថ្ងៃទី២៦ ខែមិថុនា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីការជំរុញការបោះផ្សាយ សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។
គិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា ផ្សារហ៊ុនកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៩ ដែលរួមមានក្រុមហ៊ុនចំនួន១០ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុនចំនួន៩ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕