ប្រទេសចិនដកហូតលោកQin Gang ចេញពីមុខតំណែងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីអវត្តមានរូបលោកអស់រយៈពេល១ខែ

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោកQin Gang ដែលមិនត្រូវបានគេប្រទះឃើញ ជាសាធារណៈគិតចាប់តាំងពីខែមិថុនា ត្រូវបានដកចេញពីមុខតំណែង ជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនហើយ។

ការ​ប្រកាស​ភ្លាមៗ​ នៃ​ការ​ដក​ហូតមុខតំណែងរបស់លោក Qin Gang បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ការ​រំពឹង​ទុក ​អស់ជាច្រើន​សប្តាហ៍​មកហើយអំពី​ជោគវាសនា​របស់​លោក។

អវត្តមានរបស់លោកQin Gang បានគ្របដណ្តប់លើកិច្ចពិភា ក្សានយោបាយក្នុងស្រុក ហើយបានវិវត្តn^ទៅជាវិបត្តិដ៏ធំបំផុតមួយសម្រាប់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ចាប់តាំងពីលោកទទួលបានអាណត្តិទី៣បន្ថែមទៀតកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីថ្លែងការណ៍ខ្លី របស់ទូរទស្សន៍ CCTV បានឱ្យដឹងថា លោក Wang Yi ដែលបច្ចុប្បន្ន បម្រើការជាជំនួយការគោលនយោបាយការបរទេសកំពូល របស់លោកប្រធានាធិបតីស៊ី ជីនពីង នឹងក្លាយជារដ្ឋមន្ត្រីការបរទេសថ្មី។

លោក Wang Yi ដែលជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបាន និងកំពុងឈរឈ្មោះជារដ្ឋមន្ត្រីការបរ​ទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

លោក Wang Yi បាននឹងកំពុងចូលរួមសកម្មភាពការទូតជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូលBrics នៅប្រទេសអាហ្វ្រិកខាងត្បូង និងកិច្ចប្រជុំជាមួយអតីត រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Henry Kissinger និងលោក John Kerry នៅប្រទេសចិនកាលពីសប្តាហ៍មុន។

លោក Wang Yi ក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិនផងដែរ នៅក្នុងអាណត្តិដឹកនាំទី១ និងទី២ របស់លោកស៊ី ជីនពីង មុនពេលដែលលោកQin Gang ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងនេះជំនួសកាលពីខែធ្នូ ឆ្នាំ២០២២។

ការសម្រេចចិត្តដកលោក Qin ចេញពីមុខតំណែងនេះ ត្រូវបានធ្វើឡើង នៅក្នុងសម័យប្រជុំពិសេស នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលរៀបចំធ្វើឡើងមួយថ្ងៃ បន្ទាប់ពីស្ថាប័នកំពូលនៃការសម្រេចចិត្ត គឺការិយាល័យនយោបាយ បានកោះប្រជុំគ្នាកាលពីថ្ងៃចន្ទ។

ការដកហូតលោក Qin Gang ចេញពីមុខតំណែងជារដ្ឋមន្ត្រីការបរទេស គឺស្របតាមច្បាប់រៀបចំអង្គការ នៃសភាប្រជាជនចិន ដែលបានចូលជាធរមាននៅខែមីនា ឆ្នាំ២០២១។ វិធានច្បាប់នេះ ផ្តល់អំណាច ដល់គណៈកម្មាធិការអចិន្ត្រៃយ៍ ជាជាងសមាជជាតិ ដើម្បីតែងតាំង ឬដកតំណែងសមាជិកមួយចំនួននៃក្រុមប្រឹក្សារដ្ឋ។

យោងតាម​ក្រសួង​ការ​បរទេស​ចិនបានឱ្យដឹងថា លោកQin Gang ត្រូវ​បាន​គេ​ប្រទះឃើញ​ជា​សាធារណៈ​ ជាលើក​ចុង​ក្រោយ​បង្អស់ នៅក្នុង​កិច្ច​ប្រជុំ​អ្នក​ការ​ទូត​ជាន់​ខ្ពស់ ​មក​ពី​ប្រទេស​រុស្ស៊ី វៀតណាម និង​ស្រីលង្កា កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា។

ថ្វីបើមានពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វ​ផ្សាយសង្គម និងក្នុងចំណោមអ្នកការទូតបរទេសយ៉ាងណាក្តី ក៏ទីក្រុងប៉េកាំង នៅតែមិនមានភាពច្បាស់លាស់ អំពីស្ថានភាពរបស់លោក Qin Gang ដោយសន្មតថា ការអវត្តមានរបស់លោក Qin អស់រយៈពេលជាយូរ គឺអាចបណ្តាលមកពីហេតុផលផ្នែកសុខភាព។

ទោះបីជាយ៉ាងនេះក្តី ការដោះស្រាយរឿងរ៉ាវ ដោយសម្ងាត់នេះរបស់ទីក្រុងប៉េកាំង បានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយ ដោយបង្កើតឱ្យមានចម្ងល់ អំពីភាពជឿជាក់បានទៅលើរដ្ឋាភិបាលចិន និងការធ្វើសេចក្តីសម្រេចចិត្ត ដ៏គ្មានតម្លាភាពរបស់រដ្ឋាភិបាលចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here