ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ក្រោយពីប្រទេសចិនបានប្តេជ្ញាបង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ចដែលកំពុងជាប់គាំងរបស់ខ្លួន ចំណែកប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃមុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំជាងគេរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង១,២ភាគរយ ហើយឆ្ពោះទៅបញ្ចប់ការខាតបង់រយៈពេល៦ថ្ងៃ។ ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,២២ភាគរយ។
សន្ទស្សន៍ Shanghai Composite បានងើបឡើង១,៥៥% ខណៈពេលដែលសន្ទស្សន៍ Hang Seng Index របស់ហុងកុងបានងើបឡើង៣,៤% បន្ទាប់ពីក្រុមថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានសន្យាកាលពីថ្ងៃច័ន្ទក្នុងការបង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ចជាតិ។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែជាមូលហេតុនៃការព្រួយបារម្ភក្នុងចំណោមវិនិយោគិន ដោយភាគហ៊ុន និងសញ្ញាប័ណ្ណនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ថ្លៃដល់កម្រិតទាបកាលពីថ្ងៃចន្ទ ស្របពេលមានការភ័យខ្លាចនៃវិបត្តិសាច់ប្រាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា ប្រទេសចិននឹងកែសម្រួល និងធ្វើឱ្យគោលនយោបាយអចលនទ្រព្យមានភាពប្រសើរឡើងក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងទំនាក់ទំនងនៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ៕