ក្រុមហ៊ុន Samsung ទទួលបានការបញ្ជាទិញកប៉ាល់ដឹកកុងតឺន័រតម្លៃជាង៣ពាន់លានដុល្លារ

តែម សុខុម

សេអ៊ូល: ក្រុមហ៊ុនសាងសង់កប៉ាល់ Samsung Heavy Industries បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ខ្លួនទទួលបានការបញ្ជាទិញកប៉ាល់ដឹកកុងតឺន័រចំនួន១៦គ្រឿងក្នុងទំហំទឹកប្រាក់៣,១ពាន់លានដុល្លារ ពីក្រុមហ៊ុនដឹកជញ្ជូនមួយនៅអាស៊ី។

ក្រុមហ៊ុនកូរ៉េខាងត្បូង មួយនេះនិយាយថា កប៉ាល់ដែលដើរដោយថាមពលមេតាណុលទាំងនេះនឹងត្រូវបញ្ជូនទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនដែលសុំលាក់អត្តសញ្ញាណខាងលើនេះជាដំណាក់កាលនៅត្រឹមខែធ្នូ ឆ្នាំ២០២៧។

នេះគឺជាការបញ្ជាទិញមួយលើកធំបំផុតដែលក្រុមហ៊ុន Samsung Heavy Industries ទទួលបាន ដោយបំបែកកំណត់ត្រាចាស់ដែលខ្លួនទទួលបានការបញ្ជាទិញកប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) ចំនួន១២គ្រឿងក្នុងទំហំជាង២,៦ពាន់លានដុល្លារ កាលពីខែមិថុនា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung Heavy Industries ទទួលបានការបញ្ជាទិញកប៉ាល់ចំនួន២៥គ្រឿងក្នុងទំហំ៦,៣ពាន់លានដុល្លារ ឬដែលស្មើនឹង៦៦%នៃគោលដៅបញ្ជាទិញ៩,៥ពាន់លានដុល្លារ ដែលខ្លួនបានកំណត់សម្រាប់ឆ្នាំ២០២៣។

កប៉ាល់ទាំងនោះរួមមានកប៉ាល់ដឹកឧស្ម័ន LNG ចំនួន៦គ្រឿង កប៉ាល់ដឹកប្រេង២គ្រឿង កប៉ាល់ដឹកកុងតឺន័រ១៦គ្រឿង និងស្ថានីយឧស្ម័ន LNG បណ្ដែតទឹក១ផងដែរ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here