ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយពីសារពត៌មាន Reuter បានឱ្យដឹងថា ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីស្ថិតក្នុងភាពមិនច្បាស់លាស់នៅថ្ងៃចន្ទនេះ មុនកិច្ចប្រជុំធនាគារកណ្តាលនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ទីផ្សារបានធ្វើការព្យាករថា ធនាគារ Federal Reserve និងធនាគារ European Central Bank នឹងដំឡើងការប្រាក់បន្ថែមចំនួន២៥ពិន្ទុមូលដ្ឋាន ដូច្នេះគេនឹងផ្តោតទៅលើអ្វីដែលប្រធានធនាគារ Fed លោក Jerome Powell និងប្រធានធនាគារ ECB លោក Christine Lagarde និយាយបញ្ជាក់អំពីអនាគត។
ផ្សារហ៊ុនNikkeiរបស់ប្រទេសជប៉ុនងើបឡើងថ្លៃ ១,១ភាគរយ ខណៈសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុន ស្ថិតនៅទ្រឹង។
ទន្ទឹមគ្នានេះ នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយរបស់ប្រទេសចិននៅសប្តាហ៍នេះអាចនឹងដាក់ចេញនូវការជំរុញបន្ថែមទៀត ទោះបីជារហូតមកទល់នឹងពេលនេះ ក្រុមអ្នកវិនិយោគមិនទាន់បានទទួលឥទ្ធិពលវិជ្ជមានពីចំណាត់ការរបស់ទីក្រុងប៉េកាំងយ៉ាងណាក្តី។
ចំណែក តម្លៃផ្សារហ៊ុន S&P 500 futures និងតម្លៃផ្សារហ៊ុន Nasdaq futures បានប្រែប្រួលតិចតួចប៉ុណ្ណោះ មុនពេលចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនធំៗនៅសប្តាហ៍នេះ។
ក្រុមហ៊ុនធំៗដែលនឹងរាយការណ៍អំពីប្រាក់ចំណូល រួមមានក្រុមហ៊ុន Alphabet ក្រុមហ៊ុន Meta ក្រុមហ៊ុន Intel ក្រុមហ៊ុន Microsoft ក្រុមហ៊ុន GE ក្រុមហ៊ុន AT&T ក្រុមហ៊ុន Boeing ក្រុមហ៊ុនExxon Mobil ក្រុមហ៊ុន McDonald’s ក្រុមហ៊ុនCoca Cola ក្រុមហ៊ុនFord និងក្រុមហ៊ុន GM៕