ស្ថានភាពតម្លៃផ្ទះថ្មីក្នុងប្រទេសចិន ស្ថិតនៅក្នុងសភាពទ្រឹង

ដោយ: គង់ លាងហួរ

ប៉េកាំង: តម្លៃផ្ទះថ្មីនៅប្រទេសចិន បានស្ថិតនៅទ្រឹង ក្នុងខែមិថុនា ដែលបញ្ហានេះនឹងបង្កើនសម្ពាធ ទៅលើក្រុមអ្នកបង្កើតគោលនយោ​បាយ ឱ្យដាក់ចេញនូវវិធានការជំរុញបន្ថែមទៀត ខណៈសន្ទុះនៃសេដ្ឋកិច្ចបន្តធ្លាក់ចុះ។

ជាក់ស្តែង តម្លៃផ្ទះថ្មីនៅក្នុងទីក្រុង លំដាប់ទី១ចំនួន៤ ដូចជា ទីក្រុងប៉េកាំង សៀងហៃ សិនជិន និងក្វាងចូវ បានស្ថិតនៅទ្រឹង ក្នុងខែមិថុនា បើធៀបទៅនឹងការងើបឡើង០,១ភាគរយ នៅក្នុងខែឧសភា។

វិស័យអចលនទ្រព្យ ដែលរួមចំណែកស្មើនឹងមួយភាគបួននៃផលទុនជាតិសរុប ក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ បានដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំមុន ដោយសារអ្នកអភិវឌ្ឍន៍បានខកខានសងបំណុល និងផ្អាកការសាងសង់គម្រោងលំនៅដ្ឋានដែលពួកគេបានលក់ទុកជាមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលកណ្តាល និងរដ្ឋបាលតាមមូលដ្ឋាន ព្រមទាំងក្រុមនិយ័តករចិន ក៏បានប្រកាសនូវគោលនយោបាយមួយចំនួន ដើម្បីជំរុញវិស័យអចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ។

វិធានការទាំងនោះ មានចាប់តាំងពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុបន្ថែមសម្រាប់អ្នកអភិវឌ្ឍន៍ រហូតដល់ការលើកទឹកចិត្ត សម្រាប់អ្នកទិញផ្ទះ។  ប៉ុន្តែទស្សនវិស័យសេដ្ឋកិច្ច ដែលមានភាពមិនច្បាស់​លា​ស់ និងកំសោយនៅក្នុងវិស័យនេះ បានធ្វើឱ្យខូចខាតដល់ទំនុកចិត្ត និងតម្រូវការទិញផ្ទះ។

ការដាំក្បាលចុះនៃតម្លៃផ្ទះ និងការនាំចេញ កំពុងបន្ថែមសម្ពាធទៅលើក្រុម អ្នកបង្កើតគោលនយោបាយចិន ឱ្យចាត់វិធានការ និងសកម្មភាពបន្ថែមទៀត ដើម្បីជំរុញវិស័យអចលនទ្រព្យ និងស្តារតម្រូវការដែលកំពុងធ្លាក់ចុះឱ្យងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here