ដោយៈ តែម សុខុម
កូឡាឡាំពួរ: ក្រុមហ៊ុនផលិតរថយន្តចិន Geely គ្រោងនឹងបោះវិនិយោគ១០ពាន់លានដុល្លារអាមេរិក ដោយប្រែក្លាយទីក្រុង Tanjung Malim ក្នុងរដ្ឋPerak របស់ម៉ាឡេស៊ី ទៅជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទម្លាយឱ្យដឹងថា ក្រុមហ៊ុននេះបានផ្ញើផែនការនេះជូនលោក តាមរយៈលិខិតមួយច្បាប់កាលពីយប់ថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ហើយការវិនិយោគនេះនឹងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ កក្កដា។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងក្នុងពិធីមួយក្នុងរដ្ឋ Selangor កាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា “ក្រុមហ៊ុន Geely បានបញ្ជាក់ហើយថា ពួកគេចង់ចាប់ផ្តើមតាមរយៈ ការបោះទុនវិនិយោគ១០ពាន់លានដុល្លារ”។ លោកបន្ថែមថា “ទាំងអស់នេះមិនមែន ដើម្បីទទួលបានកម្រៃជើងសារ ឬអំណោយនោះទេ ប៉ុន្តែគឺដើម្បីធានាដល់កំណើនសេដ្ឋកិច្ចរបស់យើង ហើយយុវជនរាប់ម៉ឺននាក់របស់យើង នឹងទទួលបានការងារធ្វើ”។
ក្រុមហ៊ុន Geely Holding Group Co មានភាគហ៊ុន៤៩,៩%នៅក្នុងក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Proton Holdings Bhd៕ Bangkok Post៕