KOICA គ្រោងពង្រីកការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យានៅកម្ពុជា

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា ដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍ នៃការអភិវឌ្ឍជំនាញនៅប្រទេសខ្លួនមកបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Rho Hyun Jun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង “ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា” នាព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីអ៊ិត សំហេង បានថ្លែងអំណរគុណចំពោះ KOICA ដែលកន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គ្រូបច្ចេកទេស និងសិស្ស-និស្សិត ផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម។

លោកបណ្ឌិតអ៊ិត សំហេង មានការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍន៍ វិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូអង្គការ KOICA ខណៈសាធារណរដ្ឋកូរ៉េក៏មានការរីកចម្រើន លើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។

លោកបានបង្ហាញក្ដីសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យ TVET ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញICTនៃការអប់រំ បណ្តុះបណ្តាលបច្ចេក​ទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស ចំនួន១,៥លាននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។

លោក Rho Hyun Jun បានថ្លែងអំណរគុណដល់ក្រសួងការងា​រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគាំទ្រលើបេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកនេះ ជាពិសេសលើបេសកកម្មក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ក៏ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។

លោកបញ្ជាក់ថា “រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់បំផុតទី២ នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍ នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ”។

គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាអនុវត្តន៍រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT៕

LEAVE A REPLY

Please enter your comment!
Please enter your name here