តើសេដ្ឋកិច្ចពិភពលោកនឹងមានសភាពបែបណាសម្រាប់រយៈពេល៥ឆ្នាំខាងមុខ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចពិភពលោក កំពុង​បង្ហាញសញ្ញាមិនអាចព្យាករណ៍បាន ដោយសារភាពតានតឹង ផ្នែកភូមិសាស្រ្តនយោបាយ និងសង្រ្គាមត្រជាក់ថ្មី។

លោកស្រី Kristalina Georgieva  នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានមានប្រសាសន៍ឱ្យដឹងថា ពិភពលោកនឹងសម្រេចបាន កំណើនសេដ្ឋកិច្ចប្រហែល៣ភាគរយ ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល៥ឆ្នាំខាងមុខនេះ ពោលគឺទាបជាងអត្រាមធ្យមភាគជាប្រវត្តិសាស្រ្តប្រហែល៣,៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Georgieva បានថ្លែងក្នុងសុន្ទរកថា បើកវគ្គបណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ចរបស់មូលនិធិ IMF ថា រដ្ឋាភិបាលនានា ជាពិសេសនៅក្នុងប្រទេសកំពុងរីកចម្រើន នឹងត្រូវរឹតបន្តឹងគោលនយោ​បាយសារពើពន្ធរបស់ខ្លួន ដើម្បីរក្សាបំណុលឱ្យស្ថិតក្រោមការគ្រប់គ្រ​ង និងដើម្បីជួយដោះស្រាយអត្រាអតិផរណា។

លោកស្រី Georgievaបានបន្តថា “រដ្ឋាភិបាលរបស់បណ្តាប្រទេសនានា នឹងប្រឈមមុខជាមួយការរឹតបន្តឹង បន្ថែមទៀតនៃលក្ខខណ្ឌហិរញ្ញវត្ថុ ស្របពេលដែលអតិផរណា នៅតែបន្តកើតមាន ហើយវាក៏អាចមានផលប៉ះពាល់ ទៅលើលំហូរមូលធនផងដែរ”។

កាលពីខែមេសាកន្លងទៅIMF បានបន្ទាបទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល ប្រចាំឆ្នាំ២០២៣របស់ខ្លួនបន្តិច ខណៈដែលអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ បានធ្វើឱ្យសកម្មភាពមានការធ្លាក់ចុះ។

ឥឡូវនេះ IMF បានព្យាករណ៍កំណើនGDP ពិតប្រាកដរបស់ពិភពលោក នៅក្នុងរង្វង់២,៨ភាគរយសម្រាប់ឆ្នាំនេះ និង៣,០ភាគរយសម្រាប់ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន៣,៤ភាគរយ ដែលសម្រេចបានក្នុងឆ្នាំ២០២២ ដោយសារតែគោលនយោ​បាយរូបិយវត្ថុកាន់តែមានភាពតឹងរ៉ឹង។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) គឺជាទីភ្នាក់ងារហិរញ្ញវត្ថុដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ និងជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើការដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងវិបុលភាព សម្រាប់ប្រទេសសមា​ជិកទាំង១៩០របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here