ផ្សារហ៊ុននៅតំបន់អាសុីបន្តធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈប្រាក់អឺរ៉ូងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ដោយសារទិន្នន័យសេដ្ឋកិច្ចចិនមិនសូវល្អ ខណៈអ្នកវិនិយោគក៏កំពុងរង់ចាំមើលថា តើទិន្នន័យការលក់រាយរបស់សហរដ្ឋអាមេរិកនឹងបំភ្លឺផ្លូវសម្រាប់ការដំឡើងអត្រាការប្រាក់ដែរឬទេ។

វិនិយោគិនកំពុងរង់ចាំសញ្ញាកាន់តែរឹងមាំជាងមុននៃអតិផរណា ដូចជាតួលេខនៃការលក់រាយ និងផលិតកម្មឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅថ្ងៃអង្គារនេះ។ ទន្ទឹមគ្នានេះអ្នកសេដ្ឋកិច្ចបានព្យាករថា ការលក់រាយ នៅសហរដ្ឋអាមេរិកនឹងងើបឡើង០,៥ភាគរយ ក្នុងខែមិថុនាបើធៀប នឹង ខែឧសភា។

លើសពីនេះទៀត ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអឺរ៉ុប និងធនាគារកណ្តាលជប៉ុន ក៏គ្រោងធ្វើការពិនិត្យទៅលើគោលនយោបាយរបស់ពួកគេនៅសប្តាហ៍ក្រោយផងដែរ។សន្ទស្សន៍ ភាគហ៊ុន អាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៣ភាគរយនៅពេលព្រឹកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានធ្លាក់ថ្លៃ១,៧៤ភាគរយ ខណៈដែលវិស័យបច្ចេកវិទ្យាបានធ្លាក់ចុះ១,៨៩ភាគរយ។ ភាគហ៊ុន China A បានធ្លាក់ថ្លៃ០,៤ភាគរយ ក្នុងអំឡុងវគ្គជួញដូរដំបូងនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៨ភាគរយ។

នៅក្នុងការជួញដូរដំបូង សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃបន្តិចមកត្រឹម៩៩,៨៥ពិន្ទុ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីខែមេសា ឆ្នាំ២០២២ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចំណែកប្រាក់អឺរ៉ូបានងើបឡើងថ្លៃ០,១១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here