ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមប្រតិបត្តិករនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឱ្យដឹងថា ស្ថានភាពនៃវិស័យដឹកជញ្ជូន នៅក្នុងរយៈពេល៦ខែឆ្នាំនេះ ហាក់មិនសូវមានស្ថានភាពល្អប្រសើរនោះទេ ដោយខាងសមាគមដឹកជញ្ជូន និងឡីជីស្ទិក ភាគច្រើនបញ្ជាក់ថាមានការធ្លាក់ចុះ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធីបានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី១៧ ខែកក្កដា ថា វិស័យដឹកជញ្ជូនមានការធ្លាក់ចុះបន្តិច ចាប់តាំងពីត្រីមាសទី១ រហូតមកដល់ពេលនេះ ដោយមុខទំនិញខ្លះមានការធ្លាក់ចុះ ខណៈដែលមុខទំនិញមួយចំនួនទៀត មានកើនឡើងទៅវិញប៉ុន្តែជារួម វិស័យដឹកជញ្ជូនមានការធ្លាក់ចុះ។
លោកបញ្ជាក់ថា “មូលហេតុនៃការធ្លាក់ចុះនេះ ហេតុផលគឺនៅតែដដែលនោះទេ ដូចជា វិបត្តិសកល បញ្ហាអតិផរណានៅតាមបណ្តាប្រទេសមួយចំនួន បញ្ហាសង្គ្រាមអ៊ុយក្រែនជាដើម ដែលធ្វើឱ្យការបញ្ជាទិញមានការធ្លាក់ចុះ ដូចយើងដឹងស្រាប់ហើយ”។
លោកស៊ិន ចន្ធី បានបន្ថែមថា ប្រទេសដែលមានការបញ្ជាទិញធ្លាក់ចុះភាគច្រើន គឺនៅខាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែនៅតំបន់ទាំង២នេះ កំពុងតែមានបញ្ហាអតិផរណា ដោយបានធ្វើឱ្យតម្រូវការទំនិញប្រើប្រាស់ ពីខាងប្រទេសទាំងនេះ ត្រូវបានកាត់បន្ថយ។ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនបានឱ្យដឹងដែរថា ស្ថានភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក នាពាក់កណ្តាលឆ្នាំ២០២៣ មានការថយចុះ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
លោកបានប្រាប់ថា “ការថមថយនៅក្នុងឆ្នាំ២០២៣នេះ មិនមានអ្វីក្រៅពីវិបត្តិសកល ដែលរួមមានបញ្ហាសង្គ្រាម បញ្ហាអតិផរណា បញ្ហាកូវីដ១៩ ដែលកើតមានទូទាំងពិភពលោក ពិសេសតំបន់អឺរ៉ុប និងអាស៊ីយើងនេះ”។ លោកបន្តថា “ដូចនេះយើងមើលឃើញជាក់ស្តែងពីការថយចុះ តែការថយនេះមិនច្រើនពេកទេ ក្នុងកម្រិតតិចតួចប៉ុណ្ណោះ”។
លោកជា ចាន់ដារ៉ាបានបន្តទៀតថា នៅពេលសេដ្ឋកិច្ចសកលវិលមករកភាពប្រក្រតីវិញ វិស័យដឹកជញ្ជូន នឹងមានការរីកចម្រើនខ្លាំង ដោយសារតែលោក បានមើលឃើញពីការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យដឹកជញ្ជូន។
លោកបានបញ្ជាក់ថា យើងក៏មើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាល ដែលបានបង្កើតឱ្យមានគម្រោងផ្សេងៗ លើវិស័យដឹកជញ្ជូន ជាពិសេសមានការបង្កើតច្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត,ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក៏ដូចជាគម្រោងជីកព្រែក ជាដើម។លោកបន្តថា “ទាំងនេះ បង្ហាញឱ្យឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យដឹកជញ្ជូន”៕