រដ្ឋាភិបាលបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបោះទុនវិនិយោគជាច្រើន ក្នុងការពង្រីក និងពង្រឹងលើវិស័យសុខាភិបាល ដោយបានបង្កើតមន្ទីរពេទ្យ​ថ្នាក់ជាតិធំៗ ចាប់ពីរាជធានី ក្រុង រហូតដល់ជនបទ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា តាមរយៈការប្រឹងប្រែងអភិវឌ្ឍន៍ វិស័យសុខាភិបាលរបស់រដ្ឋាភិបាល ធ្វើឱ្យសេចក្តីសង្ឃឹម​រស់បានរបស់ប្រជាពលរដ្ឋ មានអាយុកាន់តែវែង បើគិតចាប់ពីឆ្នាំ១៩៩៨ ពលរដ្ឋខ្មែរជាមធ្យមសង្ឃឹមរស់បាន៥៦ឆ្នាំ និងឆ្នាំ២០២២ ជាមធ្យមឡើងដល់៧០ឆ្នាំ ដូច្នេះមានការកើនឡើងចំនួន១៤ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ការរស់រានមានជីវិតកាន់តែវែងនេះ កើតចេញពីការដាក់ទុន វិនិយោគរបស់រាជ​រដ្ឋាភិ​បាល លើវិស័យសុខាភិបាល បង្កើតបានជាមណ្ឌលសុខភាព មន្ទីរពេទ្យ គ្រូពេទ្យជំនាញ ទឹកស្អាតទទួលទាន មាន​អនាម័យ ម្ហូបអាហារល្អ មានផ្លូវស្ពានធ្វើដំណើរងាយស្រួល ដើម្បីឆាប់ទៅដល់មន្ទីរពេទ្យជាដើម”។

ជាក់ស្តែងមន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសធារណការ។

ជាមួយគ្នានេះ កាលពីដើមខែ មេសា រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ នៅខេត្តត្បូងឃ្មុំ ដែលមានអគារធំៗចំនួន២។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាង​សង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយសម្តេចតជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់​ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រៅពីនេះ មានមន្ទីរពេទ្យថ្មីៗមួយចំនួនទៀត មានដូចជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាព​កម្ពុជា-ចិនត្បូងឃ្មុំ, មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីខែ មករា ឆ្នាំ ២០២៣ និងថ្មីៗនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here