ផ្សារហ៊ុននៅក្នុងតំបន់អាសុីធ្លាក់ថ្លៃ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយកាសែត Reuters បានឱ្យដឹងថា ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃ នៅថ្ងៃចន្ទនេះ ខណៈពេលដែលវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទៅលើទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន។

សេដ្ឋកិច្ចចិនត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងត្រឹមតែ០,៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី២ ទោះបីជាល្បឿនសេដ្ឋកិច្ចប្រចាំឆ្នាំនឹងត្រូវបានជំរុញដោយឥទ្ធិពលមូលដ្ឋាននៅអត្រា៧,៣ភាគរយ ដែលត្រូវបានគេព្យាករណ៍យ៉ាងណាក្តី។

ការលក់រាយ ទិន្នផលឧស្សាហកម្ម និងការវិនិយោគក្នុងទីក្រុងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបង្ហាញពីកំណើនយឺតយ៉ាវ ហើយនេះជាមូលហេតុ ដែលទីផ្សារកំពុងពឹងផ្អែកទៅលើទីក្រុងប៉េកាំង ឱ្យដាក់ចេញនូវវិធានការជំរុញបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

យោងតាមតួលេខកាលពីចុងសប្តាហ៍មុនបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានស្ថិតនៅទ្រឹង នៅក្នុងខែមិថុនា ដែលជាលទ្ធផលមិនល្អបំផុតនៅក្នុងឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនធ្លាក់ថ្លៃ០,២ភាគរយ ទោះបីជាបានងើបឡើងថ្លៃ៥,៦ភាគរយកាលពីសប្តាហ៍មុនយ៉ាងណាក្តី។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនត្រូវបានបិទការជួញដូរសម្រាប់ថ្ងៃឈប់សម្រាក។ ចំណែក ផ្សារហ៊ុន S&P 500 futures និង Nasdaq futures បានធ្លាក់ថ្លៃ០,២ភាគរយ។

ចំណែកឯ សន្ទស្សន៍របស់ប្រាក់ដុល្លារអាមេរិកបានស្ថិតនៅត្រឹម៩៩,៩៨៩ពិន្ទុបន្ទាប់ពីបានធ្លាក់ថ្លៃចុះ២,២ភាគរយកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here