ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ដោយសារប្រាក់ដុល្លារបានងើបឡើងថ្លៃ ខណៈដែលអ្នកវិនិយោគភាគច្រើនភ្នាល់ថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។
មាស Spot Gold បានធ្លាក់ថ្លៃ០,១% ដល់១៩៥២,៥៨ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0028 GMT។ ចំណែក មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃ០,៤% មកនៅត្រឹម១៩៥៧,២០ដុល្លារក្នុងមួយអោន។ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃបន្តិចពីលើកម្រិតទាបនៅខែមេសា ឆ្នាំ២០២២ ដែលធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។
ដុំមាសបានងើបឡើងថ្លៃ១,៦% សម្រាប់សប្តាហ៍មុនដល់ថ្ងៃទី១៤ ខែកក្កដា ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីខែមេសា ស្របតាមការរំពឹងទុកដែលថា ធនាគារ Fed ឈានជិតដល់ការបញ្ចប់វដ្តនៃការរឹតបន្តឹងរូបិយវត្ថុរបស់ខ្លួន។
បណ្តុំនៃសូចនាករសេដ្ឋកិច្ចរបស់ប្រទេសចិននឹងត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ដែលត្រូវបានគេរំពឹងថា សូចនាករនឹងបង្ហាញពីការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតកំពុងថយចុះ និងបង្កើនការរំពឹងទុកនៃវិធានការជំរុញបន្ថែមទៀត។
តម្លៃ Spot silver បានធ្លាក់ចុះ០,២% មកត្រឹម២៤,៨៩ដុល្លារ ក្នុងមួយអោន ខណៈដែលតម្លៃផ្លាទីន និង palladium បានធ្លាក់ចុះ០,៥% ដូចគ្នាមកនៅត្រឹម៩៦៦,៨៨ដុល្លារ និង១២៦៥,០៧ដុល្លារក្នុងមួយអោន រៀងៗគ្នា៕