ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយសន្លឹកប្រាក់យ័ននៅកម្ពុជា ឬសន្លឹកប្រាក់រៀលនៅប្រទេសចិនឡើយ

(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់សងប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ តែជាការទូទាត់តាមរយៈប្រព័ន្ធ QR Code។
ការពន្យល់លោកស្រី ជា សិរី ធ្វើឡើងដើម្បីឲ្យសាធារណជនយល់ច្បាស់ និងកុំឲ្យមានការភ័ន្ដច្រឡំ ចំពោះការសហការគ្នារវាងកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។

សូមជម្រាបថា ថ្មីៗនេះមានការភ័ន្ដច្រឡំ ចំពោះកិច្ចសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សង់ប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code ដោយបានយល់ច្រឡំថា ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យទូទាត់ និងចាយវាយជាក្រសដាសប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា។
លោកស្រី ជា សិរី បានបញ្ជាក់ថា «ក្នុងសម័យបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ឲ្យក្លាយជាប្រព័ន្ទទូទាត់អេឡិចត្រូនិក ជាក់ស្ដែងដូចកិច្ចសហការរបស់ធនាគារជាតិ និងក្រុមហ៊ុន UnionPay International មិនមែនជាកិច្ចសហការគ្នា ដែលតម្រូវឲ្យទេសចរចិនចូលមកប្រទេសកម្ពុជា អាចកាន់ក្រដាសប្រាក់យ័នចិនចាយលើទឹកដីកម្ពុជានោះឡើយ តែជាការសហការគ្នាដោយទូទាត់តាមប្រព័ន្ធ QR Code មានន័យថា ប្រសិនបើទេសចរចិនចង់ទូទាត់ QR Code នៅកម្ពុជា តម្រូវឲ្យទេសចរចិនមានគណនីរប ស់ UnionPay ហើយស្កេនតាមប្រព័ន្ធ KHQR (តែតម្រូវឲ្យជាគណនីប្រាក់រៀល) នៅកម្ពុជា ដូច្នេះបន្ទាប់ពីការទូទាត់អាជីវករកម្ពុជានឹងទទួលបានប្រាក់ ពីគណនីរបស់ទេសចរចិន តែប្រាក់ដែលទទួលបានគឺជាប្រាក់រៀល មិនមែនជាប្រាក់យ័នចិននោះទេ»

លោកស្រីបានបញ្ជាក់ថា ចំពោះការទូទាត់ឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពិតជាផ្ដល់ផលចំណេញ លើការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ដោយសារតែការសហការគ្នានេះ តម្រូវឲ្យមានគណនីជាប្រាក់រៀល មានន័យថា ទេសចរចិនអាចទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជាបាន លុះត្រាតែអាជីវករកម្ពុជាមានគណនីជាប្រាក់រៀល។កិច្ចសហការគ្នានេះ បានផ្ដល់ភាពងាយស្រួលដល់ទេសចរចិន ដែលចូលមកកាន់កម្ពុជា ដែលមិនចាំបាច់ដកប្រាក់យ័នមកប្ដូរជាប្រាក់រៀល ឬប្រាក់ដុល្លារ ដើម្បីចាយនៅកម្ពុជានោះឡើយ លើសពីនេះបានផ្ដល់ភាពងាយស្រួលទាំងប្រជាជនកម្ពុជា និងទេសចរចិន ហើយជាការជំរុញការចាយវាយរបស់ទេសចរចិននៅកម្ពុជា ព្រោះថាការចាយវាយនៅកម្ពុជាងាយស្រួល សុវត្ថិភាព ដូចជាការចាយវាយនៅក្នុងប្រទេសខ្លួន។

លោកស្រី ជា សិរី បានបញ្ជាក់យ៉ាងច្បាស់ថា «ខាងលើនេះជាការបង្ហាញ ពីការចាយលុយចិននៅកម្ពុជា ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ការចាយនេះមិនមែនជាការចាយក្រដាសប្រាក់យ័នចិនលើទឹកដីកម្ពុជា ដូចក្រដាសប្រាក់ដុល្លារឡើយ តែជាការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code ដូចគ្នាចំពោះលុយដែលទទួលបានតាមប្រព័ន្ធអេឡិចត្រូនិកទៀតសោត ក៏ទទួលបានជាលុយរៀល មិនមែនលុយយ័នចិននោះឡើយ»
លោកស្រីបញ្ជាក់ថា ចំពោះការចាយលុយរៀលក្នុងប្រទេសចិន ដូចគ្នាមិនមែនទេសចរកម្ពុជា កាន់ក្រដាសប្រាក់រៀលទៅទិញទំនិញ ក្នុងប្រទេសចិនបានឡើយ គឺជាការចាយតាមប្រព័ន្ធ QR Code ការចាយបានតាមប្រព័ន្ធ QR Code ទៀតសោតលុះត្រាតែទេសចរកម្ពុជា មានគណនីជាប្រាក់រៀលទើបអាចទូទាត់តាមប្រព័ន្ធ QR Code នៅក្នុងប្រទេសចិនបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ ចំពោះអនុស្សរណៈយោគយល់គ្នាពេលនេះ គ្រាន់តែជាការបង្កើតក្របខណ្ឌសហប្រតិបត្តិការប៉ុណ្ណោះ ជាការរំពឹងទុករបស់ដៃគូរទាំង២ថា ចុងឆ្នាំនេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងត្រូវបានប្រើប្រាស់ផ្លូវការ។
បច្ចុប្បន្ននេះកម្ពុជាក៏បានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងបន្ដសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here