ពន្ឋដាកម្ពុជារកចំណូលបានជិត២១០០លានដុល្លារក្នុងឆមាសទី១

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួនជាង២០៧២លានដុល្លារ ស្មើនឹង៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ចំណូលក្នុងឆមាសទី១ នេះបើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ គឺមានការថយចុះ១៩,០៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន២៤៥,៦៨ លានដុល្លារ ស្មើនឹង៦,៨៨ភាគរយនៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចំណូលដែលប្រមូលបានតាមសកម្មភាពសំខាន់ៗមួយចំនួន មានការថយចុះក្នុងរយៈពេល៦ខែឆ្នាំនេះ ក្នុងនោះវិស័យកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈថយចុះ១២,៨៩ភាគរយ វិស័យចលនទ្រព្យថយចុះ៣,៨៨ភាគរយ។

ទន្ទឹមគ្នានេះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក៏បានថយចុះប្រមាណ២៦,៨៣ភាគរយ។

ផ្អែកតាមស្ថានភាពនៃចំណូលពន្ធរយៈពេល៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានគ្រប់ តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន១៤ ៤៦៥,៣៩ប៊ីលានរៀល ស្មើនឹងប្រមាណ៣៥៧១,៧០លានដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here