ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជាលោក ហុង សុហួរ បានបង្ហើបឲ្យដឹងថា ការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុន គឺអាស្រ័យនឹងយុទ្ធសាស្ត្ររបស់វិនិយោគិនម្នាក់ៗ ដោយសារតែតម្លៃហ៊ុន តែងតែប្រែប្រួលជាប្រចាំអាស្រ័យ ទៅលើសកម្មភាពទិញលក់ប្រចាំថ្ងៃ។
មានប្រសាសន៍ក្នុងបទសម្ភាសន៍ ជាមួយសារព៌តមានក្នុងស្រុកមួយ លោកហុង សុហួរ មានប្រសាសន៍ថា សម្រាប់អ្នកវិនិយោគរយៈពេលវែង ពួកគេមិនត្រូវខ្វាយខ្វល់នឹងថ្លៃកើន ឬធ្លាក់ប្រចាំថ្ងៃនោះទេ។ ពួកគេអាចបន្តវិនិយោគជាប្រចាំ ទៅតាមផែនការរបស់ខ្លួន លើភាគហ៊ុនដែលខ្លួនពេញចិត្តកាន់ទុក លើរយ:ពេលវែង ហើយលក់ចេញតែនៅពេលត្រូវការលុយធំសម្រាប់ទិញផ្ទះ ឬបើកអាជីវកម្មថ្មី ឬទិញឡានជាដើម ឬរក្សាទុកដល់ពេលចូលនិវត្តន៍តែម្ដង។
លោកបញ្ជាក់ថា “បើហ៊ុនដែលបានជ្រើសរើសនោះ ជាក្រុមហ៊ុនល្អ ថ្លៃហ៊ុនរបស់វានឹងកើនឡើងច្រើន ក្នុងរយ:ពេលវែង ជាពិសេស នៅពេលដែលផ្សារហ៊ុនរីកកាន់តែធំ”។
លោកបន្ថែមថា សម្រាប់វិយោគិនរយ:ពេលខ្លីវិញ ភាគហ៊ុនដែលបានទិញហើយ នឹងត្រូវលក់វិញ នៅពេលដែលថ្លៃហ៊ុនណាមួយ កើនឡើងខ្លាំងលើសពីកម្រិតចាំបាច់ ឧទាហរណ៍ ២០% ឬ ៥០% ជាដើម ហើយយកប្រាក់នោះ ទៅទិញហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀត ដែលខ្លួនគិតថាល្អហើយនៅធូរថ្លៃ។ តែផ្ទុយមកវិញ បើសិនជាភាគហ៊ុនដែលខ្លួនបានទិញ ធ្លាក់ថ្លៃខ្លាំង តែខ្លួនគិតថាក្រុមហ៊ុននៅតែល្អនោះ វិនិយោគអាចទិញបន្ថែម ដើម្បីកាត់បន្ថយថ្លៃដើមក្នុងមួយហ៊ុន។
លោកបន្តថា “ចឹងនិយាយជារួម “ឡើងថ្លៃខ្លាំង ត្រូវលក់ចេញ។ ធ្លាក់ថ្លៃខ្លាំង ត្រូវទិញថែម”។លោកហុង សុហួរបាន បានអំពាវនាវឱ្យសាធារណជន ចាប់ផ្ដើមស្វែងយល់ និងចូលរួមនៅក្នុងទីផ្សារមូលបត្រ ឬផ្សារហ៊ុននេះ ដើម្បីចំណេញខ្លួនឯងផង និងចំណេញដល់ប្រទេសជាតិផង។ បើមានអាជីវកម្មស្តង់ដារខ្ពស់ សូមយកក្រុមហ៊ុនមកចុះបញ្ជីលក់ភាគហ៊ុន។ បើមានទុនទំនេរ សូមយកមួយចំណែក តូចឬធំទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន មកវិនិយោគលើភាគហ៊ុន។
លោកបន្តថា “ប្រាក់ដែលបានពីការទិញភាគហ៊ុននេះ នឹងបានទៅម្ចាស់អាជីវកម្មស្តង់ដារនានា ដែលនឹងមានឱកាសពង្រីកអាជីវកម្មបន្ថែម បង្កើតការងារបន្ថែម និងបង្កើនសេដ្ឋកិច្ចបន្ថែម”៕