ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានកំណត់សម្រាប់ការហក់ឡើងថ្លៃប្រចាំសប្តាហ៍ដ៏ធំបំផុត ចាប់តាំងពីខែមេសា នៅថ្ងៃសុក្រនេះ ដោយសារប្រាក់ដុល្លារបានធ្លាក់ថ្លៃជិតដល់កម្រិតទាបជាង១ឆ្នាំ ខណៈធនាគារកណ្តាលអាមេរិកអាចនឹងឈានដល់ការបញ្ឈប់លើការដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗនេះ។
តម្លៃមាស Spot Gold មានស្ថិរភាពនៅត្រឹម១៩៥៨,៤៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង 0051 GMT និងហក់ឡើងថ្លៃ១,៨% សម្រាប់សប្តាហ៍នេះ។ ចំណែក តម្លៃមាសសហរដ្ឋអាមេរិកU.S. gold futures ស្ទើរតែនៅទ្រឹងត្រឹម១៩៦៣ដុល្លារក្នុងមួយអោន។
ចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារអត្ថប្រយោជន៍អត់ការងារធ្វើបានធ្លាក់ចុះដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដែលបង្ហាញថាទីផ្សារការងារអាមេរិកនៅតែមានភាពតឹងតែង។
សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃជិត ដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២២ ដែលធ្វើឱ្យមាសមានតម្លៃថោកជាងមុនសម្រាប់អ្នកវិនិយោគក្រៅប្រទេស ខណៈទិន្នផលនៅលើប័ណ្ណរតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានធ្លាក់ជិតដល់កម្រិតទាបរយៈពេល២សប្តាហ៍នៅក្នុងវគ្គមុន។
តម្លៃ Spot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៤,៨១៤ដុល្លារ ក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃចុះ០,៤% ទៅដល់៩៦៨,៦៥ដុល្លារក្នុងមួយអោន ហើយ palladium បានធ្លាក់ថ្លៃចុះ១,៤% មកនៅត្រឹម១២៧៧,៣៥ដុល្លារក្នុងមួយអោន៕