ផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃ ខណៈធនាគារ Fed អាចនឹងបញ្ឈប់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងពេលឆាប់ៗនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ នៅថ្ងៃនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃ ដោយារទិន្នន័យអតិផរណាអាមេរិកជំរុញក្តីសង្ឃឹមថា ធនាគារកណ្តាល Fed នឹងបញ្ឈប់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

វិនិយោគិនក៏កំពុងសម្លឹងមើលទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសចិន ដើម្បីដឹងតម្រុយអំពីរបៀប ដែលសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះកំពុងដំណើរការ បន្ទាប់ពីមានការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចដ៏ខកចិត្តមួយចំនួន។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថាការនាំចេញរបស់ប្រទេសចិនបានកើនឡើង៣,៧% នៅក្នុងឆមាសទីមួយ បើគិតនៅក្នុងលក្ខខណ្ឌ ដែលកំណត់ដោយប្រាក់យ័ន ខណៈដែលការនាំចូលភាគច្រើននៅទ្រឹងដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង១,៥%។ សន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុងហក់ឡើងថ្លៃ២,១% ហើយតម្លៃផ្សារហ៊ុនរបស់អូស្ត្រាលីបានហក់ឡើង១,៤%។

ចំណែកឯ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនក៏បានហក់ឡើងថ្លៃ១,២% ផងដែរ។ ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង (.HSTECH) បានហក់ឡើង៣% ក្នុងការជួញដូរដំបូង បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជំរុញឱ្យក្រុមហ៊ុនទាំងនោះគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ដោយបន្ថែមសញ្ញាថា ការបង្ក្រាបរយៈពេលជាច្រើនឆ្នាំទៅលើវិស័យនេះត្រូវបានបញ្ចប់ហើយ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិកបានកើនឡើង៣% ក្នុងខែមិថុនាធៀបនឹងឆ្នាំមុន ដែលទាបជាងការរំពឹងទុកសម្រាប់ការកើនឡើង៣,១%។ ជាពិសេស បញ្ហាអតិផរណាស្នូល ដែលធនាគារ Fed ភ័យខ្លាចថានឹងស្ថិតនៅអត្រាខ្ពស់ដដែល ក៏បានបង្ហាញពីការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here