ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានរក្សាស្ថិរភាពនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហក់ឡើងថ្លៃជាង១% នៅក្នុងវគ្គមុន ដោយសារតែទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកបានបង្កើននូវក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបញ្ឈប់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
តម្លៃមាស Spot Gold ស្ទើរតែនៅទ្រឹងត្រឹម១៩៥៧,៤៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0039 GMT។ ចំណែក តម្លៃមាស របស់ សហរដ្ឋ អាមេរិក U.S. gold futures នៅទ្រឹងត្រឹម១៩៦២,៣០ដុល្លារក្នុងមួយអោន។
តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកបានកើនឡើងតិចតួចនៅក្នុងខែមិថុនា និងជាការកើនឡើងប្រចាំឆ្នាំទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ខណៈអតិផរណាបានបន្តធ្លាក់ចុះ ប៉ុន្តែប្រហែលជាមិនលឿនគ្រប់គ្រាន់ដើម្បីបំបាក់ទឹកចិត្ត ធនាគារ Fed ពីការបន្តដំឡើងអត្រាការប្រាក់នៅចុងខែកក្កដានេះទេ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិនបានបង្កើនក្តីសង្ឃឹមនៅក្នុងទីក្រុងប៉េកាំងថា ពន្ធគយកាលពីសម័យលោកប្រធានាធិបតី Donald Trump ដាក់លើការនាំចូលរបស់ចិនអាចនឹងត្រូវបានបន្ធូរបន្ថយ ស្របពេលដែលលោកស្រីព្យាយាមធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរលូន។
ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ការកាន់កាប់របស់ខ្លួនបានធ្លាក់ចុះ០,០៣% មកនៅត្រឹម៩១៤,៦៦តោនកាលពីថ្ងៃពុធ ធៀបនឹងការកាន់កាប់ចំនួន៩១៤,៩៥តោនកាលពីថ្ងៃអង្គារ។
តម្លៃ Spot silver បានប្រែប្រួលតិចតួចមកនៅត្រឹម២៤,១២៥ដុល្លារ ក្នុងមួយអោន ផ្លាទីនបានហក់ឡើងថ្លៃ០,៦% ដល់៩៥១,៩៣ដុល្លារក្នុងមួយអោន ហើយ palladium បានហក់ឡើងថ្លៃ០,៣% ដល់១២៨៧,០៩ដុល្លារក្នុងមួយអោន៕