ក្រុមហ៊ុនChina Southern Power Grid គ្រោងបង្កើនការវិនិយោគលើថាមពលបន្ថែមទៀតនៅប្រទេសឡាវ

ដោយៈ តែម សុខុម

វៀងចន្ទន៍: ក្រុមហ៊ុនចិន China Southern Power Grid (CSG) កំពុងសម្លឹងរកឱកាសបង្កើនការបោះទុន វិនិយោគកាន់តែច្រើននៅក្នុងប្រទេសឡាវ បន្ទាប់ពីខ្លួនបានក្លាយជាអ្នកវិនិយោគថាមពលដ៏សកម្ម និងជាដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសនេះ។

យោងតាមកាសែត Vientiane Times បានឱ្យដឹងថា លោក Li Xinhao ដែលជាអ្នកគ្រប់គ្រងទូទៅ ផ្នែកសហប្រតិបត្តិការអន្តរជាតិនៃក្រុមហ៊ុនCSG បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនដែ​លគ្រប់គ្រងដោយរដ្ឋចិន មួយនេះ និងបណ្តាប្រទេសជាដៃគូក្នុងតំបន់បានជួយគ្នាទៅវិញទៅមក នៅក្នុងការធ្វើឱ្យការផ្គត់ផ្គង់ ថាមពលមានតុល្យភាព។

នេះគឺដោយសារតែប្រទេសចិន នាំចេញថាមពលក្នុងរដូវប្រាំងនៅអាស៊ីអាគ្នេយ៍ និងនាំចូលក្នុងរដូវវស្សា ជាពេលដែលសមត្ថភាពផលិតអគ្គិសនីកើនឡើង នៅក្នុងបណ្ដាប្រទេសជិតខាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Li Xinhao និយាយថា ក្រុមហ៊ុន CSG គ្រោងនឹងសាងសង់ខ្សែបញ្ជូនអគ្គិសនីបន្ថែមទៀត នៅក្នុងប្រទេសឡាវ និងជួយប្រ​ទេសឡាវ ពង្រីកខ្សែបញ្ជូនទៅកាន់បណ្ដាប្រទេសជិតខាង ដើម្បីបង្កើនការតភ្ជាប់ រវាងបណ្ដាប្រទេសទន្លេមេគង្គ-ឡានឆាង នៅពេលអនាគត។

ដោយប្រទេសឡាវ មានសមត្ថភាពខ្ពស់ក្នុងការផលិតវារីអគ្គិសនី សម្រាប់លក់ទៅឱ្យប្រទេសជិតខាង ដោយសារតែខ្លួនសម្បូរស្ទឹង និងទន្លេ ក្រុមហ៊ុន CSG ចាត់ទុកថាវាជាឱកាសដ៏ល្អ សម្រាប់ខ្លួនពង្រីកការវិនិយោគថាមពលរបស់ខ្លួន នៅក្នុងប្រទេសក្រីក្រមួយនេះ។

ផ្លូវដែកល្បឿនលឿនឡាវ-ចិន ក៏ត្រូវបានដំណើរការថាមពលដោយក្រុមហ៊ុនCSG ផងដែរ (រួមជាមួយអគ្គិសនីឡាវ) ដែលបានជួយប្រទេសឡាវ ដំឡើងបង្គោលបញ្ជូនអគ្គិសនី តាមបណ្ដោយផ្លូវដែកនេះ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here