ក្រុមហ៊ុនHuawei មិនខ្វល់ពីបម្រាមរបស់សហរដ្ឋអាមេរិក ដោយកំពុងរៀបចំយុទ្ធសាស្ត្រវិលត្រលប់មកវិញ

ដោយៈ តែម សុខុម

ស៊ឹនជិន: ក្រុមហ៊ុនស្រាវជ្រាវបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei Technologies របស់ប្រទេសចិន កំពុងរៀបចំយុទ្ធសាស្ត្រវិលត្រលប់ មកកាន់ឧស្សាហកម្មស្មាតហ្វូន 5G វិញនៅចុងឆ្នាំ២០២៣ ដោយមិនខ្វល់ពីបម្រាមរបស់សហរដ្ឋអាមេរិក។

ការផ្ដល់សញ្ញាវិលត្រលប់មកវិញនេះធ្វើឡើង បន្ទាប់ពីបម្រាមរបស់សហរដ្ឋអាមេរិក លើការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន បានធ្វើឱ្យអាជីវកម្មគ្រឿងអេឡិចត្រូនិក ប្រើប្រាស់របស់ខ្លួនដាំក្បាលចុះហៅមិនឮ។

ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាចំនួន៣ ដែលគ្របដណ្តប់លើវិស័យទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា ក្រុមហ៊ុន Huawei គួរតែអាចទិញបន្ទះឈីប 5G នៅក្នុងស្រុកដោយប្រើប្រាស់ ភាពជឿនលឿនរបស់ខ្លួន នៅក្នុងការរចនាបន្ទះឈីប រួមជាមួយនឹងការផលិតបន្ទះឈីប ពីក្រុមហ៊ុន Semiconductor Manufacturing International Co (SMIC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយដកស្រង់ប្រភពក្នុងឧស្សាហកម្ម រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់របស់ Huawei ផង ក្រុមហ៊ុនស្រាវជ្រាវទាំងនេះ បាននិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារនេះជាកិច្ចព្រមព្រៀង សម្ងាត់ជាមួយអតិថិជន។ជុំវិញករណីនេះ ក្រុមហ៊ុន Huawei បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ ចំណែកឯក្រុមហ៊ុន SMIC ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះដែរជុំវិញបញ្ហានេះ។

ការវិលត្រលប់មកកាន់ទីផ្សារទូរស័ព្ទ 5G នឹងបង្ហាញពីជ័យជម្នះថ្មីមួយ សម្រាប់ក្រុមហ៊ុននេះ ដែលរយៈពេលជិត៣ឆ្នាំមកនេះបានត្រឹមតែទប់ខ្លួនឱ្យរស់តែប៉ុណ្ណោះ។ ប្រាក់ចំណូលអាជីវកម្មរបស់ក្រុមហ៊ុន Huawei បានកើនឡើងរហូតដល់៦៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ មុនពេលធ្លាក់ចុះជិត៥០%នៅមួយឆ្នាំក្រោយមក។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលមានមូលដ្ឋាននៅទីក្រុងស៊ឹនជិន (Shenzhen) ប្រទេសចិន នេះធ្លាប់បានប្រជែងជាមួយក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ដើម្បីក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់ពិភពលោក រហូតដល់មានការរឹតបន្តឹងជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅឆ្នាំ២០១៩ បានកាត់បន្ថយលទ្ធភាពរបស់ខ្លួន ក្នុងការប្រើប្រាស់ឧបករណ៍ផលិតបន្ទះឈីបដែលមានសារៈសំខាន់ សម្រាប់ផលិតម៉ូដែលទំនើបបំផុតរបស់ខ្លួន។

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអឺរ៉ុប បានចាត់ទុកក្រុមហ៊ុន Huawei ថាបង្កហានិភ័យដល់សន្តិសុខ ជាការចោទប្រកាន់ដែលក្រុមហ៊ុននេះបានបដិសេធ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Huawei បានលក់តែទូរស័ព្ទម៉ូដែល5G ដោយប្រើប្រាស់បន្ទះឈីបស្តុកប៉ុណ្ណោះ​។

ដោយជាប់គាំងក្នុងការលក់ទូរស័ព្ទ4G ជំនាន់ចុងក្រោយ ក្រុមហ៊ុន Huawei បានធ្លាក់ចុះពីចំណាត់ថ្នាក់ភាគច្រើន នៅទូទាំងពិភពលោកកាលពីឆ្នាំមុន នៅពេលការលក់បានធ្លាក់ចុះខ្លាំង ទោះបីជាក្រុមហ៊ុននេះ ទទួលបានចំណែកទីផ្សារ១០% នៅក្នុងប្រទេសចិន នៅក្នុងត្រីមាសទី១ ក៏ដោយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here