ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រទេសកម្ពុជា និងចិន នឹងអាចទូទាត់ប្រាក់ឆ្លងដែនតាម QR-Code នៅចុងឆ្នាំនេះ ដើម្បីជំរុញការប្រើប្រាស់រូបិយប័ណ្ណប្រទេសទាំង២នៅក្រៅប្រទេស។
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International កាលពីថ្ងៃទី១០ ខែកក្កដា បានអនុស្សរណៈយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការ ទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code” ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យន់របស់ចិនឱ្យមានលក្ខណៈទូលំទូលាយ បន្ថែមទៀតនៅក្នុងប្រទេសទាំង២។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងនាឱកាសនោះថា ការចុះអនុស្សរណៈនេះ នឹងផ្តល់នូវក្របខ័ណ្ឌ សហប្រតិបត្តិការរវាងUnionPay និងប្រព័ន្ធបាគង KH QR។
លោកស្រីបានបញ្ជាក់ថា “កាលណា យើងបានចុះកិច្ចសហប្រតិបត្តិការនេះហើយ នៅពេលដែលយើងរៀបចំ ការតភ្ជាប់ហ្នឹងបាន យើងនឹងឃើញថា ពេលរដ្ឋយើងទៅចិន អាចស្កេនទូទាត់តាមQR code នៅចិនបាន”។ លោកស្រីបន្តថា “ទាំងQR របស់ UnionPay, Ali payនិង We chatផងដែរ”។
ដូច្នេះប្រជាជនខ្មែរយើងជាង១០លាននាក់ ដែលមានE-Wallet ដែលអាចទូទាត់តាម QR គឺអាចទូទាត់បាននៅស្រុកចិន តាមប្រព័ន្ធនេះបានដោយងាយស្រួល។
លោកស្រីជា សិរី បានបន្ថែមថា ភ្ញៀវទេសចរចិន ដែលមកកម្ពុជាអាចទូទាត់ពីWalletរបស់ខ្លួន ដែលហៅថា UnionPay& able Wallet អាចមកកម្ពុជា ហើយស្កេន KH QR ហើយទូទាត់បាន ដោយចំណុចនេះ វាល្អជាងអ្វីដែលមាននាពេលបច្ចុប្បន្ន ព្រោះថាទេសចរចិនដែលមកកម្ពុជាគាត់ស្កេនបាន តែហាងទំនិញណាដែលមានភ្ជាប់ជាមួយUnionPay, Ali payនិង We chat តែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា ដូចនេះអាជីវករ ដែលមានភ្ជាប់បាគងឬក៏KH QR របស់ធនាគារក្នុងស្រុកនេះ ខាងចិនគាត់ស្កេនមិនទាន់បានទេ។ ដូច្នេះនៅពេលដែលយើងតភ្ជាប់គ្នាហើយ ទេសចរឬវិនិយោគិនចិនអាចស្កេនទូទាត់តាម KH QRរបស់យើងបានហើយ។ អីចឹងវាសម្រួលទាំងសងខាង មានន័យថា សម្រួលទាំងទេសចរខ្មែរពេលធ្វើដំណើរទៅប្រទេសចិន និងទេសចរចិនពេលមកខ្មែរផងដែរ”។
ចំណុចសំខាន់មួយទៀត ក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត លោកស្រីបានសង្កត់ធ្ងន់ថា យើងធ្វើជាមួយប្រទេសជិតខាងយើង គឺជំរុញការប្រើប្រាស់ប្រាក់រៀល។ ដូចដែលខ្ញុំបានលើកមកហើយ ទាល់តែប្រជាជនកម្ពុជាយើងទៅស្រុកគេ មានគណនីជាលុយរៀល ទើបអាចទូទាត់តាម KH QR នៅចិន ឬថៃបាន។
លោកស្រីបន្តថា ងាកមកកម្ពុជាយើងវិញ អាជីវកម្មយើង ភាគច្រើនដាក់តែលុយដុល្លារប៉ុណ្ណោះ ដូច្នេះនៅពេលគាត់ចង់បានអតិថិជន ជាទេសចរចិនច្រើន ទាល់តែគាត់ដាក់ KH QR ជាលុយរៀលទៀតទើបបាន ហើយចិនវិញក៏ដូចគ្នា គាត់ជំរុញប្រើប្រាស់ប្រាក់យន់របស់គាត់ដូចគ្នា។
លោកស្រី ជា សិរី រំពឹងថា នៅពេលដែលកិច្ចសហប្រតិបត្តិការនេះជោគជ័យ នឹងជួយមួយផ្នែកទៀត ទៅលើវិស័យទេសចរណ៍របស់ប្រទេសទាំង២ ព្រោះនៅពេលដែលទេសចរចិន មកនឹងងាយស្រួលចាយវាយទូទាត់ ដែលវាក៏អាចទាក់ទាញទេសចរណ៍ មកកម្ពុជាបន្ថែមទៀតដែរ។
លោកស្រី ជា សិរី បច្ចុប្បន្ននេះ កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់តាមប្រព័ន្ធQR-Code ជាមួយវៀតណាម និងថៃ ខណៈចិន ឥណ្ឌា និងឡាវ៕