ការនាំចេញពីកម្ពុជាមានទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ ២០២៣

default

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចេញ​ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ មាន​ជាង១១​ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​ឆមាស​ទី​១ ឆ្នាំ ​២០២២​។ នេះ​បើតាម​ស្ថិតិ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

ទិន្នន័យ​ដែល​ទើប​ចេញផ្សាយ​ កាលពី​ថ្ងៃទី​១០ ខែកក្កដាបានបង្ហាញថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​សរុប១១,៤៦៤,៤៨ ​លាន​ដុល្លារ កើនឡើង០,៧៥​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន១១,៣៧៩,១២២ ​លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​អ្វីដែល​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​នាំចេញ​នៅ​ឆមាស​ទី​១ ឆ្នាំ ​២០២៣ កើនឡើង​ គឺ​ដោយសារ​ការ​នាំចេញ​រយៈពេល​២​ខែ​ចុងក្រោយ នេះ​មាន​ភាព​វិជ្ជមាន ដោយ​ខែឧសភា នាំចេញ​បាន១៩៤៩,៣៥ ​លាន​ដុល្លារ​កើន ៧,៩ ​ភាគរយ និង​ខែមិថុនា ចំនួន២២៨១ ​លាន​ដុ​ល្លារ កើន១៦​ភាគរយ​។

របាយការណ៍ដដែលបានបង្ហាញថា ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៣ គឺមាន​ទឹកប្រាក់១២,២២៩,១៨​ លាន​ដុល្លារ ធ្លាក់ចុះ២២,៩​ភាគរយ​ បើធៀប​នឹង​ឆមាស​ទី១ ឆ្នាំ​២០២២ ដែលមាន ១៥ ៨៦៤,៧២ ​លាន​ដុល្លារ​។

ផ្អែក​តាម​តួលេខ​ខាងលើ បានបង្ហាញថា ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប២៣ ៦៩៣,៦៦​ លាន​ដុល្លារ ធ្លាក់ចុះ១៣ ​ភាគរយ​។

សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ ​(​ចំនួន​ទឹកប្រាក់​នាំចេញ និង​នាំចូល​) នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ គឺ​កម្ពុ​ជាមាន​ឱនភាព៧៦៤,៧​ លាន​ដុល្លារ ខណៈ​កាលពី​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​រហូតដល់៤ ៤៨៥,៦លាន​ដុល្លារ​។​

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ថា ក្តីបារម្ភ​ពី​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ធំៗ ពិសេស​សង្គ្រាម​រវាង​ប្រទេស​រុស្សី និង​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ នៅ​ស្ទើរ​គ្រប់​ប្រទេស ធ្លាក់ចុះ ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០២២ រហូតដល់​ដើមឆ្នាំ​ ២០២៣​នេះ។

លោកបន្តថា “ទោះយ៉ាងណា​បញ្ហា​ទាំងនោះ ​ហាក់​រលាយ​វិញ​ខ្លះៗ​ហើយ​”។ លោក​បន្តថា “កំណើន​ប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​សមត្ថភាព​ផលិត និង​ការបញ្ជាទិញ​កើនឡើង”​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here