ដោយ: គង់ លាងហួរ
ឌូបៃ: ប្រទេសអារ៉ាប់រួម (UAE) ជាប់ចំណាត់ថ្នាក់ទី៧នៅលើពិភពលោក ទាក់ទងនឹងប្រាក់ចំណូលជាតិ សម្រាប់មនុស្សម្នាក់ៗ។ នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយថ្មីចុងក្រោយរបស់ធនាគារពិភពលោក។
ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ របស់ប្រទេសUAE បានកើនឡើង១០.៧៨១ដុល្លារ កាលពីឆ្នាំ២០២១ ដែលមានរហូតដល់៨៧.៧២៩ដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២២ ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ ជាប្រាក់ដុល្លារអន្តរជាតិនាពេលបច្ចុប្បន្ន។
ប្រាក់ដុល្លារអន្តរជាតិ គឺជារូបិយប័ណ្ណនិម្មិតមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់វាយតម្លៃអំណាច នៃការទិញរបស់ប្រទេសផ្សេងៗ។ វាផ្អែកលើប្រាក់ដុល្លារអាមេរិក ប៉ុន្តែវាមានអំណាចនៃការទិញដូចគ្នាទៅនឹងរូបិយប័ណ្ណ ក្នុងស្រុករបស់ប្រទេសនីមួយៗ។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួមបានរក្សាតំណែងរបស់ខ្លួន ក្នុងចំណោមបញ្ជីប្រទេស ដែលមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗ ដោយផ្អែកលើវិធីសាស្ត្រ Atlas។
ដោយប្រើវិធីសាស្ត្រ Atlas ធនាគារពិភពលោក បានបំបែកសេដ្ឋកិច្ចរបស់ពិភពលោក ទៅជាក្រុមចំណូលចំនួន៤ដូចជា ប្រទេសចំណូលទាប ប្រទេសចំណូលមធ្យមកម្រិតទាប ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។
ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ៗរបស់ UAE គិតជាប្រាក់ដុល្លារអាមេរិកបច្ចុប្បន្ន បានកើនឡើងដល់៤៨.៩៥០ដុល្លារ ក្នុងឆ្នាំ២០២២ ធៀបនឹង៤៣.៤៦០ដុល្លារ ក្នុងឆ្នាំ២០២១ ដែលកើនលើសពីកម្រិតមុនជំងឺកូវីដចំនួន៤៦.២១០ដុល្លារ៕