ផ្សារហ៊ុននៅតំបន់អាស៊ីស្ទុះឡើងថ្លៃ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីស្ទុះឡើងថ្លៃ ហើយប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគសង្ឃឹមថា ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះនឹងគាំទ្រដល់ការបញ្ចប់ចំពោះការដំឡើងអត្រាការប្រាក់នាពេលខាងមុខ។

ទីផ្សារកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយនៅថ្ងៃពុធ ដើម្បីមើលថាតើសម្ពាធតម្លៃទំនិញកំពុងបន្តថយចុះឬក៏អត់ ដែលអាចផ្តល់នូវតម្រុយទៅលើទស្សនវិស័យនៃអត្រាការប្រាក់របស់អាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,៧ភាគរយ ខណៈភាគហ៊ុននាពេលអនាគតរបស់សហរដ្ឋអាមេរិក U.S. stock futures ដូចជា S&P 500 e-minis បានហក់ឡើងថ្លៃ០,០៦ភាគរយ។

កាលពីថ្ងៃចន្ទ មន្ត្ត្រីធនាគារកណ្តាលមួយចំនួន បានអះអាងថា ការដំឡើងអត្រាការប្រាក់បន្ថែមគឺចាំបាច់ដើម្បីកាត់បន្ថយអតិផរណា ហើយចុងបញ្ចប់នៃវដ្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់ធនាគារកណ្តាលអាមេរិកក៏កំពុងខិតជិតមកដល់ហើយដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់អូស្ត្រាលីបានហក់ឡើងថ្លៃ១,០១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,៦៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានហក់ឡើង០,៤ភាគរយក្នុងការជួញដូរដំបូង។ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានហក់ឡើងថ្លៃ១,០៣ភាគរយ។

នៅលើសង្កាត់ផ្សារហ៊ុន Wall Street ក្នុងនោះ ភាគហ៊ុន Dow Jones Industrial Average បានហក់ឡើង០,៦២ភាគរយ ភាគហ៊ុន S&P 500 បានហក់ឡើង០,២៤ភាគរយ ហើយភាគហ៊ុន Nasdaq Composite បានហក់ឡើង០,១៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here