ការនាំចេញពីកម្ពុជានឹងមានភាពប្រសើរនាពេលខាងមុខ ដោយសារ រដ្ឋាភិបាលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូន

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនលោក ជា ចាន់ដារ៉ាបានមានប្រសាសន៍ថា រយៈពេល៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជាមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារវិបត្តិសាកលសង្គ្រាមរុស្សី-អ៊ុយក្រែន។

ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងទៀតថា ស្ថានភាពនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មិនមានស្ថានភាពល្អប្រសើរនោះទេ ពោលគឺមានចំនួនថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយ​សា​រតែវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយមិនទាន់ចប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅលើសាកលលោកទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជា លោកមានក្តីរំពឹងថា វិស័យដឹកជញ្ជូន នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខ ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក និងផ្លូវគោក។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងមានគម្រោ​ងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ “ព្រែកជីកហ្វូណនតេជោ”ផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនកម្ពុជា នាពេលអនាគត។

លោកជា ចាន់ដារ៉ា បានមានប្រសាសន៍បែបនេះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក ដែលនេះគឺជាលើកទី៣ហើយ ដែលសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំឡើង ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចសហការគ្នា និងការទំនាក់ទំនង រវាងអាជីវកម្មដឹកជញ្ជូនដូចគ្នា ដើម្បីបំពេញចម្លោះនៃសេវាកម្ម។

លោកបន្តថា ជាក់ស្តែង អ្វីដែលយើងមើលឃើញ នៅក្នុងឆ្នាំ២០២៣នេះ មិនមានភាពល្អប្រសើរ ដូចនៅឆ្នាំ២០២២ទេ ព្រោះយើងមើលឃើញហើយថា បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក គឺប្រឈមទៅនឹងបញ្ហា ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់បានបញ្ចប់”។

លោកបន្តថា “សម្រាប់ប្រទេសកម្ពុជាវិញ យើងសង្ឃឹមច្រើន ពាក់ព័ន្ធនឹងការនាំចេញនៅថ្ងៃក្រោយ ដោយមើលឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន នេះសបង្ហាញឲ្យឃើញថា នៅពេលដែលសេដ្ឋកិច្ចពិភពលោក មានភាពល្អប្រសើរ អ្វីៗយើងមានគ្រប់បែបយ៉ាង ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននេះ”។

ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលតម្លៃ ១៩ពាន់លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញ ក្នុងតម្លៃជិត៣០ពាន់លានដុល្លារ កើនឡើង៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើងជាង៥២ពាន់លានដុល្លារ កើនឡើង៩.២%។ នេះបើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

របាយការណ៍ដដែលបានបញ្ជាក់ថា អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាង៩ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here