កម្ពុជាបន្តសហការជាមួយACILSដើម្បីវឌ្ឍនភាពក្នុងវិស័យការងារនិងជម្រុញការនាំចេញ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងថា  កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករ និយោជិត និងជំរុញការនាំចេញ។

លោកបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក​ជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានា ជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើន នៃការបញ្ជាទិញ និងការនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ លោកWilliam Conklin នាយកកម្មវិធីប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។
ACILSជាអង្គការឯករាជ្យមួយ មិនចំណុះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាព វិស័យកា​រ​ងារ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផល វាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោកWilliam Conklin មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តន៍ បច្ចុប្បន្ននេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

លោកបញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ លោកក៏ចង់ពង្រីក កិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុជាដើម៕

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here