រដ្ឋាភិបាលអនុម័តទុនវិនិយោគចំនួនជិត១០០០លានដុល្លារ នៅឆមាសទី១

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោ​ង​វិនិយោគចំនួន​៨៤គម្រោង ដោយមានទំហំទុនចំនួន៩៤៦,៩៤លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន១១៦,០៧៣កន្លែងគិតត្រឹមឆមាសទី១ឆ្នាំនេះ។

បើធៀបទៅនឹងរយៈពេល៦ខែដូចគ្នា ឆ្នាំ២០២២ ចំនួននេះមានការថយចុះ៣គម្រោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងចំណោម៨៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជិត១០០០លានដុល្លារអាមេរិក ក្នុងនោះ ខែមករាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន១០ មានទុនចំនួន៩៩,៤លានដុល្លារអាមេរិក​ បង្កើតការការជូន​ប្រជាពលរដ្ឋចំនួន១៧,១២៩កន្លែង។

ខែកម្ភៈ មានគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុន មានទុនវិនិយោគចំនួន៩៨,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន២២,៧៨៤កន្លែង។

ខែមីនា មានគម្រោងវិនិយោគចំនួន៧ ដែលមានទុនវិនិយោគចំនួន៣៣,៧លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៦,៦៦៩កន្លែង។

ខែមេសា មានគម្រោងវិនិយោគចំនួន២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន២៤៧,៧​លានដុល្លារអាមេរិក ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១៧,៧២៣កន្លែង។

ខែឧសភា មានគម្រោង​វិនិយោគ​ចំនួន១០ក្រុមហ៊ុន មានទុនវិនិយោគចំនួន៦០,១៤លានដុល្លារ ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែង និងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០ មានទុនវិនិយោគចំនួន៤០៧,៦លានដុល្លារអាមេរិក ដោ យផ្តល់​ឱកាសការ​ងារជូន ដល់ប្រជាពលរដ្ឋចំនួន៣៧,៧៨១នាក់។

ក្នុងចំណោមគម្រោងចំនួន៨៤ ដែលមានទំហំទុនជិត ១០០០លានដុល្លារគម្រោ ងដែលបោះទុនច្រើនជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ​ដែលមានទុនប្រមាណ១៣៨លានដុល្លារ។

បន្ទាប់មកគម្រោងបង្កើតរោងចក្រ ផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានទំហំទុនវិនិយោគប្រមាណ ៩៥លានដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here