ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីភាគច្រើនបានធ្លាក់ថ្លៃ នៅថ្ងៃអង្គារនេះ ខណៈតម្លៃប្រាក់ដុល្លារ និងប្រេងមានស្ថិរភាព ហើយវិនិយោគិនកំពុងរង់ចាំតម្រុយបន្ថែមទៀតថាតើធនាគារកណ្តាលនានានឹងបន្តការដំឡើងអត្រាការប្រាក់យ៉ាងចាស់ដៃឬយ៉ាងណា។

លក្ខខណ្ឌទីផ្សារក៏ត្រូវបានកាត់បន្ថយផងដែរ ឆ្ពោះទៅកាន់ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃអង្គារនេះ ដោយផ្សារហ៊ុន Wall Street ភាគច្រើនត្រូវបានបិទការជួញដូរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,១ភាគរយគិតត្រឹមពាក់កណ្តាលព្រឹកថ្ងៃអង្គារ។
ផ្សារហ៊ុនរបស់អូស្រ្តាលីភាគច្រើននៅទ្រឹង ខណៈអ្នកវិនិយោគរង់ចាំមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអូស្ត្រាលី។

ផ្សារហ៊ុន Nikkei របស់ជប៉ុនជាមធ្យមបានធ្លាក់ថ្លៃ១,១ភាគរយ បន្ទាប់ពីសន្ទស្សន៍គោលបានបិទនៅកម្រិតខ្ពស់រយៈពេល៣៣ឆ្នាំនៅក្នុងវគ្គមុន។ សន្ទស្សន៍ផ្សារហ៊ុនចិនដីគោក និងសន្ទស្សន៍ Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,២ភាគរយដូចៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណដៃគូសំខាន់ៗចំនួនប្រាំមួយ បានហក់ឡើងបន្តិចដល់១០២,៩៧ពិន្ទុ។

តម្លៃប្រេងបានរក្សាស្ថិរភាពនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ចុះ១ភាគរយកាលពីថ្ងៃចន្ទ។ តម្លៃប្រេងឆៅ Brent crude futures បានកើនឡើង០,៣ភាគរយដល់៧៤,៨៧ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានហក់ឡើងថ្លៃ០,៣ភាគរយដល់៧០,០៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here