NBCចេញប្រកាសចំនួនពីរដើម្បីភាពច្បាស់លាស់ក្នុងវិស័យ ហិរញ្ញវត្ថុ

ដោយៈ និស្ស័យ

        ភ្នំពេញៈ ​សេដ្ឋវិទូបានលើក​ឡើង​ថា ប្រកាសចំនួន​២ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ស្តីពី​ដើមទុន​បទ​ប្បញ្ញត្តិ និង​ប្រកាស​ស្តីពី​ហានិភ័យ​ឥណទាន​ សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់ ​នៃ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គឺជា​ការចាត់​ថ្នាក់​ទ្រព្យ​​សកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ ​ឱ្យ​កាន់​​តែមាន​ភាពច្បាស់លាស់ ​សំដៅ​ធ្វើឱ្យ​កាន់​តែមាន​ភាពរឹងមាំ​នៃ​ដើមទុន​។​

កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា NBC បានឱ្យដឹងថា ប្រកា​សទាំង​២​ នេះ គឺជា​ផ្នែក​មួយ​នៃ​ក្របខ័​ណ្ឌ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន ឬ​សាធន​ភាព​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​។ ស​ម្រាប់​ប្រកាស​ស្តីពី ដើមទុន​បទ​ប្បញ្ញត្តិរ​បស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មានបំណង​ពង្រឹង​ដើមទុន និង​ភាព​ធន់​របស់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​​បញ្ញើ​ក្នុងការ​ទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

NBCបានបញ្ជាក់ថា “​ប្រកាស​នេះ ក៏​ឆ្លុះ​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ជាស្រេច​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ទៅ​អនាគត តាមរយៈ​ការកំណត់​ជាមុន​នូវ​លក្ខខណ្ឌ​ការទទួល​​ស្គាល់​ ឧបករណ៍​ហិរញ្ញវត្ថុ​នៅក្នុង​ដើមទុន​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២របស់​គ្រឹះស្ថាន​”។ លោកបន្តថា “ការ​អនុ​​វត្ត​តាម​វិធាន និង​ស្តង់ដា​អន្តរ​ជាតិ ដែល​កំណត់​ក្នុង​ប្រកាស​នេះ ​ក៏​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ​ ប្រព័ន្ធ​ធនាគារ​កម្ពុជា​ទាំងមូល និង​បង្កើន​ជំនឿ​ទុក​ចិត្ត​ដល់​វិនិយោគិន និង​ស្ថាប័ន​ផ្ដល់​កម្ចី​នានា ជាពិសេស​ស្ថាប័ន​ផ្តល់​កម្ចី​ពី​បរទេស​”។​

សម្រាប់​ប្រកាស​ស្តីពី​ហា​និ​ភ័យ​ឥណទាន ​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង ​ដាក់ចេញ​នូវ​ការណែ​នាំ​នៃ​ការ​ថ្លឹង ហានិភ័យ​ឥណទាន​យ៉ាង​ទូលំ​ទូលាយ ដែល​ការ​ថ្លឹង​នេះ​មាន​កម្រិត​ខុសៗ​គ្នា ​ផ្អែកលើ​ប្រភេទ​ឥណទាន និង​អ្នក​ខ្ចី ឬ​សម​ភាគី និង​ឆ្លុះ​បង្ហាញ​ពី​កម្រិត​ហា​និ​​ភ័យ ​ដែល​គ្រឹះស្ថាន​អាច​ប្រឈម​ជាក់ស្តែង សំដៅ​ពង្រឹង​ប្រសិទ្ធ​ការគ្រប់គ្រង​ហានិភ័យ​។​

ធនាគារជាតិ​នៃ​កម្ពុជា ថ្លឹង​ថ្លែង និង​គិតគូរ​យ៉ាង​ហ្មត់ចត់​ដល់​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​កំ​ណើ​ន​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រម​ទាំង​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ក្នុងការ​ជំរុញ​ការអនុវត្ត​គោល​នយោបាយ​ពាក់ព័ន្ធ​។

ក្នុងនោះ​ក៏មាន​ការយកចិត្តទុកដាក់​ជា​ពិសេស​ ចំពោះ​ការគាំទ្រ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ តាមរយៈ​ការ​​ថ្លឹង​ហានិភ័យ​សូន្យ​ភាគរយ ដើម្បី​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ និង​លើកកម្ពស់​លទ្ធភាព​រប​ស់​រដ្ឋាភិបាល ​ក្នុងការ​ប្រមូល​ទុន​ដើម្បី​អភិវឌ្ឍ​ប្រ​ទេស​»​។ នេះ​បើតាម NBC​។​

អគ្គ​នា​យក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា លោក តូច ចៅ​ចេកបាន​មានប្រសាសន៍ថា ប្រកាស​ថ្មី​ទាំង​២​ ដែលNBC ប្រកាស​ថ្មី គឺ​ក្នុងទិសដៅ​ដើម្បី​ធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​កាន់​តែមាន​ភាពរឹងមាំ ​នៃ​ដើមទុន​របស់​ស្ថាប័ន​ទាំងនោះ​។​

លោក​បញ្ជាក់ថា “​ការអនុវត្ត​ប្រកា​សទាំង​២នេះ គឺ​ពុំ​មានអី​តឹងរ៉ឹង​នោះទេ ដោយសារ​យើង​ឃើញ​មាន​ចំណុច​ល្អ​មួយចំនួន ឧទាហរណ៍​កន្លងមក ​យើង​ចាត់​ថ្នាក់​ទ្រព្យសកម្ម ដោយសារតែ​យើង​គិតថា ទ្រព្យសកម្ម​ខ្លះ ​គឺមាន​ហានិភ័យ១០០​ភាគរយ និង​ទ្រព្យ​ខ្លះទៀត៥០​ភាគរយ និង​ទ្រព្យ​ខ្លះ​គឺ​គ្មាន​ហានិភ័យ”​។ លោកបន្តថា “ដូច្នេះ​សម្រាប់​ប្រកាស​ថ្មី​នេះ គឺ​គេ​ថែម​ដើមទុន ប៉ុន្តែ​គេ​បន្ថយ​លក្ខខណ្ឌ​នៃ​ហានិភ័យ​ទ្រព្យ​សកម្ម​”។

តួយ៉ាង​កន្លងមក​បើ​យើង​ឱ្យគេ​ខ្ចី១០០​ភាគរយ គឺមាន​ហានិភ័យ ១០០ភាគរយ ប៉ុន្តែ​ឥឡូវនេះ​គេ​ចាត់​ចំណាត់​ថ្នាក់​របស់​វា​។

ឧទាហរណ៍​បើ SMEs នេះ​ចុះបញ្ជី​បាន​ត្រឹម​ត្រូវ គឺ​មិនមាន​ហានិភ័យ​១០០ ​ភាគរយ​នោះទេ បើតាម​ប្រកាស​ថ្មី​គឺមាន​ហានិភ័យ​ត្រឹមតែ ៧៥​ភាគរយ​ទេ ហើយ​បើសិន​យើង​សហការ​ជាមួយCGCC គឺ​មិនមាន​ហានិភ័យ​នោះទេ ហើយ​បើសិន​យើង​ទិញ​សញ្ញា​បណ្ណ​របស់​រដ្ឋ​ក៏​អត់​មាន​ហានិភ័យ​ដែរ ដូច្នេះ ប្រកាស​ថ្មី​នេះ​គឺមាន​ចំណុច​ល្អ​ច្រើន​​។​

ជាមួយគ្នានេះ លោកបណ្ឌិតគី សិរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើង​ផងដែរ​ថា ប្រកា​សទាំង​២ ​នេះ​គឺ​ពិតជា​សំដៅ​ដល់​ការពង្រឹង ​ការ​អនុ​វត្ត​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ​ដែលជា​វិស័យ​ស្នូល ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

លោក​បាន​ថ្លែងថា “​បើ​យើង​ពិនិត្យ​ទៅលើ​ប្រកា​សទាំង​២ ​នេះ​គឺ​បានបញ្ជាក់​យ៉ាងច្បាស់​​លាស់ ​ពី​ការបង្ការ​ហានិភ័យ​នានា និង​បានកំណត់​ច្បាស់​នូវ​លក្ខខណ្ឌ​នានា ​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កាន់តែ​រឹងមាំ ហើយ​ការអនុវត្ត​ក៏​ច្បាស់​លាស់​ជាង​មុន​ផងដែរ”​។​

បើ​តាមប្រកាសនេះ គឺ NBC ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ការផ្តល់​ឥណទាន​ ឱ្យទៅ​សហគ្រាស​ធុន​មីក្រូតូច និង​មធ្យម ដែលមាន​ការចុះបញ្ជី​ត្រឹមត្រូវ និង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​សមស្រប តាមរយៈ​ការ​ថ្លឹង​ហានិភ័យ​ត្រឹមតែ៧៥​ភាគរយ ដើម្បីឱ្យ​សហគ្រាស​ទាំងនោះ​អាច​ទទួល​ឥណទាន​ ក្នុង​អត្រា​ការប្រាក់​សមរម្យ ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​រួមចំណែក​ពង្រឹង​ ការអនុវត្ត​វិធានការ​ប្រមូ​ល​ពន្ធ​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here