ដោយៈ ម៉ាលីនណា
កោះកុងៈ រដ្ឋបាលខេត្តកោះកុង មានសេចក្តីសោមនស្សរីករាយ ដោយសារ តែនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះមកផ្សព្វផ្សាយសិក្ខាសាលាពាក់ព័ន្ធ នឹងវិស័យបរធនបាលកិច្ច តាមរយៈសិក្ខាសាលានេះ សិក្ខាកាម សាធារណជន នឹងមានការយល់ដឹងបន្ថែមអំពីវិស័យ បរធនបាលកិច្ច ជាវិស័យមួយថ្មី ដែលក្នុងនោះរួមមានវិធាន លក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។
អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថង បានមានប្រសាសន៍លើកទឹកចិត្តដល់សាធារណជន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះជ្រាបថា ប្រតិបត្តិការបរធនបាលកិច្ច នឹងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការកសាងទំនុកចិត្តវិនិយោគិន ឱ្យវិនិវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេស វិនិយោគិនពីបរទេសដែលពាក់ព័ន្ធ នឹងការប្រគល់ទ្រព្យសម្បត្តិរបស់វិនិយោគិន ដែលជាបរធនបាល ទាញយកទៅឱ្យអ្នកដទៃដែលជាបរធនបាល ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ (អ្នកទទួលផល)។
លោកជំទាវបញ្ជាក់ថា “ដូចនេះ ដើម្បីឱ្យមានអនុលោមភាពត្រឹមត្រូវតាមច្បាប់ បរធនបាលកិច្ច ត្រូវបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច និងត្រូវមានធាតុចូលសំខាន់ៗចំនួន៣”។
ធាតុសំខាន់ៗទាំងនោះរួមមាន ទី១ បរធនបាលទាយកត្រូវស្នើសូមការអនុញ្ញាតបង្កើត បរធនបាលកិច្ចជាមុនពី ន.ប.ធ. ទី២ បរធនបាលទាយក ត្រូវតែងតាំងបរធនបាលនៃបរធនបាលកិច្ច ដែលត្រូវតែជាបុគ្គល ទទួលបានអាជ្ញាបណ្ណពី ន.ប. ឆ. និងទី៣ បរធនបាលត្រូវដាក់ពាក្យស្នើសូមចុះបញ្ជីបរធនបាលកិច្ច ដើម្បីទទួលបានការអនុញ្ញាតពី ន.ប. ធ. ផងដែរ។
លោកស្រី មិថុនា ភូថង សង្ឃឹមថា សិក្ខាកាម និងសាធារណជនទាំងអស់ដែលមានវត្តមាននៅទីនេះ នឹងខិតខំទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើវិស័យបរធនបាលកិច្ចនេះ ដែលត្រូវបានមើលឃើញដោយអ្នកជំនាញការ និងវិនិយោគិន ជំនាញថាជាយន្តការមួយនេះ អាចចូលរួមចំណែកអភិវឌ្ឍន៍ នៅខេត្តកោះកុង ក្នុងកម្រិតពាក់ព័ន្ធណាមួយ៕