ភាគហ៊ុនជប៉ុន Nikkei ជំរុញឱ្យផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ នៅថ្ងៃចន្ទនេះ ដោយសារតម្រូវការភាគហ៊ុនបច្ចេកវិទ្យាបានជំរុញទីផ្សាររបស់ប្រទេសជប៉ុន ហើយសប្តាហ៍នេះនឹងក្លាយជាចំណុចសំខាន់នៅក្នុងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចចិន និងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

គិតរហូតមកទល់ពេលនេះ ការស្ទុះងើបឡើងវិញរបស់ប្រទេសចិនបានធ្វើឱ្យមានការខកចិត្តចំពោះការរំពឹងទុកខ្ពស់ ហើយការស្ទង់មតិសន្ទស្សន៍ផលិតកម្ម ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទនេះ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះដល់៥០,២ពិន្ទុ ក្នុងខែមិថុនា ពី៥០,៩ពិន្ទុកាលពីខែឧសភា។

ចំណែក ការស្ទង់មតិរបស់ធនាគារកណ្តាលជប៉ុនបានបង្ហាញថា អារម្មណ៍អាជីវកម្មបានប្រសើរឡើងនៅក្នុងត្រីមាសទីពីរ ដោយសារការបន្ធូរបន្ថយឧបសគ្គនៃការផ្គត់ផ្គង់ និងការដកចេញនូវវិធានការទប់ស្កាត់ជំងឺរាតត្បាត ដែលបានធ្វើឱ្យទិន្នផលរោងចក្រ និងតម្រូវការកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,២ភាគរយ ប៉ុន្តែបានដើរយឺតជាងទីផ្សាររបស់ប្រទេសជប៉ុនឆ្ងាយណាស់។

ផ្សារហ៊ុន S&P 500 futures និងផ្សារហ៊ុន Nasdaq futures មានស្ថិរភាពនៅមុនថ្ងៃឈប់សម្រាកថ្ងៃទី៤ ខែកក្កដាខាងមុខ ខណៈផ្សារហ៊ុនទាំងពីរនេះបានហក់ឡើងថ្លៃជាង៦ភាគរយនៅក្នុងខែមិថុនា។

ប្រាក់ដុល្លារអាមេរិកបានឈរនៅតម្លៃ១៤៤,២៧យ៉េនក្នុង១ដុល្លារនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតកំពូលត្រឹម១៤៥,០៧យ៉េនក្នុងមួយដុល្លារ កាលពីសប្តាហ៍មុន មុនពេលមានហានិភ័យនៃការចូលធ្វើអន្តរាគមន៍របស់ប្រទេសជប៉ុនដើម្បីការពារតម្លៃរូបិយប័ណ្ណរបស់ខ្លួន។

តម្លៃប្រេងបានធ្លាក់ចុះ ខណៈអ្នកវិនិយោគរង់ចាំមើលផលប៉ះពាល់នៃការកាត់បន្ថយទិន្នផលមួយជុំទៀត ដោយប្រទេសអារ៉ាប៊ីសាអូឌីត។ តម្លៃប្រេង Brent បានធ្លាក់ចុះ២៦សេនមកនៅត្រឹម៧៥,១៥ដុល្លារក្នុងមួយបារ៉ែល ខណៈ តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ២៥សេន មកនៅត្រឹម៧០,៣៩ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here