ប្រទេសចិន ដាក់លក្ខខណ្ឌឱ្យសហរដ្ឋអាមេរិក ថា បើចង់ចរចាផ្នែកយោធា ត្រូវដកទណ្ឌកម្មមកលើខ្លួនចេញសិន

តែម សុខុម

គូឡាឡាំពួ: មន្ត្រីការទូតចិន បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ថា សហរដ្ឋអាមេរិក ត្រូវតែដកចេញនូវទណ្ឌកម្មមកលើប្រទេសចិន ប្រសិនបើរដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន ចង់ចរចាកម្រិតខ្ពស់រវាងកងកម្លាំងប្រដាប់អាវុធចិន និងអាមេរិក។

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ថា “ភាគីអាមេរិក ដឹងហើយនូវហេតុផលដែលបង្កការលំបាកក្នុងទំនាក់ទំនងយោធា និងយោធាជាមួយប្រទេសចិន។ ឧបសគ្គបែបនេះត្រូវតែដកចេញ មុនពេលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការណាមួយអាចធ្វើឡើងទៅបានរវាងប្រទេសទាំងពីរ”។

អ្នកនាំពាក្យរូបនេះមិនបាននិយាយពីទណ្ឌកម្មឱ្យចំៗនោះទេ ប៉ុន្តែការលើកឡើងរបស់លោកទំនងជាសំដៅដល់សំណើរបស់សហរដ្ឋអាមេរិក សុំជួបចរចាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែលត្រូវសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១៨ ចំពោះការទិញសព្វាវុធពីប្រទេសរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីចិន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីអាមេរិក ថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នឹងមិនជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាដាច់ខាត លុះត្រាតែសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងនោះចេញសិន។

រដ្ឋការរបស់លោក ចូ បៃឌិន បានស្វះស្វែងបង្កើនបណ្តាញទំនាក់ទំនងជាមួយប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំង បានកាត់ផ្តាច់ទំនាក់ទំនងទាំងនេះដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីរដូវក្តៅឆ្នាំមុន។

ប្រទេសចិន បានច្រានចោលសំណើរបស់មន្ទីរបញ្ចកោណ សម្រាប់ជំនួបជាមួយលោក Lloyd Austin នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ខណៈរដ្ឋមន្ត្រីការពារជាតិទាំងពីរចូលរួមសន្និសីទមួយស្ដីពីបញ្ហាសន្តិសុខ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here