ដោយៈ តែម សុខុម
បាងកង: វាពិតជាគួរឱ្យតត់ស្លុតណាស់ និងជារឿងនឹកស្មានមិនដល់ដែលជណ្ដើរយន្ត នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង (Don Mueang International Airport) ក្នុងទីក្រុងបាងកក ប្រទេសថៃ បានបង្កគ្រោះថ្នាក់ បណ្ដាលឱ្យអ្នកដំណើរម្នាក់ត្រូវដាច់ជើង។
ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (Airports of Thailand) បានប្រកាសឱ្យធ្វើការត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនៃជណ្ដើរយន្តនៅអាកាសយានដ្ឋានអន្តរជាតិខាងលើនេះ បន្ទាប់ពីស្ត្រីអ្នកដំណើរម្នាក់បានជួបគ្រោះថ្នាក់ដាច់ជើង បន្ទាប់ផុងជើងកៀបជាប់ ក្នុងជណ្ដើរយន្តកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ មិថុនា នេះ។
កាសែត Bangkok Post បានចុះផ្សាយថា លោក Kerati Kijmanawat ប្រធានក្រុមហ៊ុនអាកាសយានដ្ឋានថៃ (Airports of Thailand) បានចេញបញ្ជាឱ្យធ្វើការ ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង បន្ទាប់ពីឧប្បត្តិហេតុអកុសលខាងលើនេះ បានកើតឡើងនៅច្រករបៀងខាងត្បូង នៃស្ថានីយចំណតក្នុងស្រុកនៃអាកាសយានដ្ឋាននេះ។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះវ័យ៥៧ឆ្នាំមកពីប្រទេសថៃ ខាងលើហៀបនឹងឡើងជិះយន្តហោះ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងនគរស៊ីធម្មរាត (Nakhon Si Thammarat) ភាគខាងត្បូង ក៏ស្រាប់តែផុងជើងកៀបជាប់ក្នុងជណ្ដើរយន្ត។
សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះបានដួលសង្កត់ ពីគម្របសុវត្ថិភាព ដែលមានស្នាមប្រេះនៃជណ្ដើរយន្ត បណ្តាលឱ្យផុងជើងកៀបជាប់ក្នុងជណ្ដើរយន្តបែបនេះ។
លោក Kerati Kijmanawat បានឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bhumibol Adulyadej ដើម្បីសង្គ្រោះបន្ទាន់ ខណៈមុខរបួសតម្រូវឱ្យជនរងគ្រោះ ត្រូវកាត់ពីលើជង្គង់ខាងឆ្វេងចោល។
ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (Airports of Thailand) បានចេញមុខ សុំទោសចំពោះឧបទ្ទវហេតុនេះ ហើយសន្យាថានឹងរ៉ាប់រងថ្លៃព្យាបាលទាំងអស់សម្រាប់ស្ត្រីរងគ្រោះ។ ក្រុមហ៊ុនក៏គ្រោងនឹងបើកការស៊ើបអង្កេតផងដែរដើម្បីកំណត់ថា តើឧបទ្ទវហេតុនេះបណ្តាលមកពីការជាប់គាំងជណ្ដើរយន្ត ឬក៏បណ្ដាលមកពីការធ្វេសប្រហែស៕ Laotian Times៕