ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ជុំវិញក្តីបារម្ភនៃការដំឡើងអត្រាការប្រាក់របស់អាមេរិក

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុនអាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ បន្ទាប់ពីសំណុំទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិកបានជំរុញទស្សនៈថា ធនាគារ Federal Reserve អាចនឹងរក្សាអត្រាការប្រាក់ឱ្យកាន់តែខ្ពស់ក្នុងរយៈពេលយូរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២១ភាគរយ ប៉ុន្តែកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការហក់ឡើងថ្លៃលើសពី១ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃ០,៣៩ភាគរយ ខណៈដែលផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃជិត១ភាគរយ ប៉ុន្តែជាទីផ្សារភាគហ៊ុនអាស៊ីដែលដំណើរការល្អបំផុតជាមួយនឹងការហក់ឡើងថ្លៃ២៦ភាគរយក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។

ផ្សារហ៊ុនរបស់ប្រទេសចិនបានស្ថិតក្នុងដំណើរស្ថានភាពដ៏លំបាក ដោយអ្នកវិនិយោគមានការប្រុងប្រយ័ត្នចំពោះការស្ទុះងើបឡើងវិញដ៏ផុយស្រួយនៃសេដ្ឋកិច្ចចិនក្រោយជំងឺកូវីដ-១៩ ខណៈពួកគេរង់ចាំសញ្ញានៃការជំរុញដ៏ខ្លាំងមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិរោងចក្រផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រនេះថា សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលបីខែជាប់ៗគ្នានៅក្នុងខែមិថុនា ទោះបីជាការធ្លាក់ចុះនោះមានល្បឿនយឺតជាងមុនយ៉ាងណាក្តី។

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 បានធ្លាក់ថ្លៃ០,១៤ភាគរយ ហើយសន្ទស្សន៍ Shanghai Composite ធ្លាក់ថ្លៃ០,១១ភាគរយ។ សន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ០,២៨ភាគរយ ដែលស្ថិតក្នុងទិសដៅធ្លាក់ចុះ៥ភាគរយសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here