ការនាំចេញដែករបស់ប្រទេសចិន កើនឡើងខ្ពស់មិនធ្លាប់ មានក្នុងពេល៧ឆ្នាំ

ដោយៈ តែម សុខុម

ប៉េកាំង: ក្រុមហ៊ុនវិភាគលើកឡើងថា ប្រទេសចិន នៅឆ្នាំ២០២៣ នេះគ្រោងនាំចេញដែកថែបច្រើនបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦។ នេះបើយោតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា។

ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណយ័ន និងតម្លៃប្រកួតប្រជែងបានផ្ដល់ឱកាសដ៏ល្អ សម្រាប់ប្រទេសផលិតដែក ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ សម្រុកនាំចេញផលិតផលដែក ដែលផលិតលើសតម្រូវការចេញទៅក្រៅប្រទេស ខណៈតម្រូវការក្នុងស្រុកធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧស្សាហកម្មដែកដ៏ធំរបស់ប្រទេសចិន បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈការដាំក្បាលចុះរយៈពេលជាច្រើនខែ ក្នុងវិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសនេះ បានធ្វើឱ្យដែកក្នុងខែឧសភា ធ្លាក់ថ្លៃខ្លាំង មិនធ្លាប់មានក្នុងពេល៣ឆ្នាំមកនេះ។

ប៉ុន្តែតម្រូវការខ្លាំងដែលភាគច្រើន ចេញពីតំបន់អាស៊ី និងអាហ្រ្វិ​ក បានធ្វើឱ្យការនាំចេញហូរចេញឥតឈប់ឈរ និងអនុញ្ញាតឱ្យសហគ្រាសផលិតនានារបស់ចិន នៅតែបន្តដំណើរការយ៉ាងរលូន។

ទិន្នន័យគយបានបង្ហាញថា ការនាំចេញដែកថែបរបស់ចិន ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ បានកើនឡើងរហូតដល់ទៅ៤១% បើធៀបទៅនឹងឆ្នាំមុន ហើយក្រុមឈ្មួញនិយាយថា កាលពីពេលថ្មីៗនេះពួកគេបានឃើញ តម្រូវការនៅក្រៅប្រទេសកើនឡើងខ្លាំង។

ការនាំចេញសម្រាប់ឆ្នាំ២០២៣ អាចលើសពីចំនួន៦៧,៣២លានតោន ដែលត្រូវបាននាំចេញកាលពីឆ្នាំមុន ដោយអ្នកវិភាគ៣រូបរំពឹងថា ការនាំចេញដែកថែបរបស់ចិន អាចឈានដល់៧៧លានតោនក្នុងឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here