ប្រទេសវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចក្នុង រង្វង់៣,៧២ភាគរយក្នុងឆមាសទី១

ដោយ: គង់ លាងហួរ

ហាណូយ: ការិយាល័យស្ថិតិ របស់ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាមបានកត់ត្រាកំណើនផលិតផល ក្នុងស្រុកសរុបក្នុងអត្រា៣,៧២ភាគរយ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ ដែលជាកម្រិតទាបបំផុតទី២នៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ដល់ឆ្នាំ២០២៣។

ជាក់ស្តែង វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើង៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈវិស័យឧស្សាហកម្ម និងសំណង់បានកើនឡើង១,១៣ភាគរយ ចំណែ​កវិស័យសេវាកម្ម បានកើនឡើង៦,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យស្ថិតិវៀតណាម បានបញ្ជាក់ទៀតថា វិស័យទាំង៣ខាងលើ បានរួមចំណែក៩,២៨ភាគរយ។ ១១,៨៧ភាគរយ និង៧៨,៨៥ភាគរយ ចំពោះកំណើនសេដ្ឋកិច្ចទាំងមូលរៀងៗគ្នា។

នៅក្នុងត្រីមាសទីពីរតែមួយ ប្រទេសវៀតណាមបានប្រកាសពីកំណើនផលិតផល ក្នុងស្រុកសរុបចំនួន៤,១៤ភាគរយ ដែលជាកម្រិតទាបបំផុតទីពីរ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំឆ្នាំ២០១១ដល់ឆ្នាំ២០២៣។ ចំនែក កំណើនទាបបំផុតត្រូវបានកត់ត្រា ​ក្នុងឆ្នាំ២០២០ នៅពេលដែលសេដ្ឋកិច្ច បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឆ្នាំ២០២២ ប្រទេសវៀតណាមបានប្រកាសពីកំណើន GDP ចំនួន៨,០២ភាគរយ ធៀបនឹងកំណើនត្រឹមតែ២,៥៦ភាគរយ ដែលសម្រេចបានក្នុងឆ្នាំ២០២១។ ចំណែកឆ្នាំ២០២៣នេះ សភានីតិបញ្ញត្តិកំពូលរបស់ប្រទេសវៀតណាម បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម៦,៥ភាគរយ។

កាលពីខែមេសាកន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាម នឹងកើនឡើង៦,៥ភាគរយនៅឆ្នាំនេះ ដោយសារការចំណាយសាធារណៈ កើនលឿនជាងមុន ការប្រើប្រា​ស់ឯកជនកាន់តែរឹងមាំ និងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here