ធនាគារពិភពលោកអនុម័តគម្រោងថាមពលស្អាតតម្លៃជាង១.០០០លានដុល្លារនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ
ហ្សាការតា: យោងតាមធនាគារពិភពលោកបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានអនុម័តគម្រោងមួយតម្លៃ១,១៤ពាន់លានដុល្លារ ដើម្បីពង្រីកលទ្ធភាពទទួលបានអគ្គិសនីស្អាតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។

ធនាគារពិភពលោកបានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីនេះនឹងតភ្ជាប់មនុស្សប្រហែល២លាននាក់ទៅកាន់បណ្តាញអគ្គិសនី បង្កើនការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងជួយដល់ក្រុមហ៊ុនរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN) ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីគ្រប់គ្រងការផ្លាស់ប្តូរថាមពល។គម្រោងនេះនឹងត្រូវបានសហការផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក វិស័យឯកជន និងក្រុមហ៊ុនរដ្ឋ PLN ហើយរួមបញ្ចូលទាំងការផ្តល់មូលនិធិពីក្រុមហ៊ុន Canada Clean Energy and Forest Climate Facility និងមូលនិធិបច្ចេកវិទ្យាស្អាតផងដែរ។

លោក Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គម្រោងនេះនឹងប្រមូលហិរញ្ញវត្ថុពីវិស័យឯកជនសម្រាប់ការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី និងជួយដល់សហគមន៍ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រើប្រាស់ធ្យូងថ្មយ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន៣២ភាគរយនៅឆ្នាំ២០៣០ និងឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធ(Net-zero emissions)នៅឆ្នាំ ២០៦០ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here