ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈតម្លៃប្រាក់យ៉េន និងប្រាក់យ័នដាំក្បាលចុះខ្លាំង

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលនានាបានអះអាងឡើងវិញនូវដំណោះស្រាយប្រយុទ្ធនឹងអត្រាអតិផរណា ខណៈប្រាក់យ៉េន និងប្រាក់យ័នខិតខំស្តារតម្លៃរបស់ខ្លួនពីកម្រិតទាប ស្របពេលមានការភ័យខ្លាចនៃការអន្តរាគមន៍ជាផ្លូវការ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុននៅទ្រឹង ខណៈផ្សារហ៊ុននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា និងម៉ាឡេស៊ីត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាក។ ផ្សារហ៊ុន Chinese blue chips បានធ្លាក់ថ្លៃ០,៣ភាគរយ ហើយសន្ទស្សន៍ Hang Seng របស់ក្រុងហុងកុងបានធ្លាក់ថ្លៃ០,៧ភាគរយ។

ទោះជាយ៉ាងណាក្តី ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានហក់ឡើងថ្លៃ១ភាគរយ ហើយនឹងនាំទៅរកការហក់ឡើងថ្លៃប្រចាំខែ៨,៥ភាគរយ និងការហក់ឡើងប្រចាំត្រីមាសចំនួន១៩ភាគរយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អស់ពេលពេញមួយយប់ ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកស្ថិតក្នុងភាពមិនច្បាស់លាស់។ ផ្សារហ៊ុន Nasdaq បានហក់ឡើងថ្លៃតិចតួច ជាមួយនឹងការគាំទ្រពីភាគហ៊ុនបច្ចេកវិទ្យា ខណៈដែលផ្សារហ៊ុន Dow បានធ្លាក់ថ្លៃចុះបន្តិច។

ថ្លែងនៅក្នុងវេទិកាធនាគារកណ្តាលអឺរ៉ុបកាលពីថ្ងៃពុធ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានលើកឡើងថា ធនាគារកណ្តាលអាមេរិក ទំនងជានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត ហើយលោកមិនបានបដិសេធចំពោះការដំឡើងអត្រាការប្រាក់សម្រាប់ខែកក្កដានោះទេ។

នៅក្នុងពេលនេះ អ្នកវិនិយោគកំពុងមើលឃើញអំពីឱកាស៨០ភាគរយ ដែលធនាគារ Fed នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាននៅក្នុងខែកក្កដា មុនពេលខ្លួនរក្សាអត្រាការប្រាក់ឱ្យនៅថេរសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here