ដោយៈ សហការី
ភ្នំពេញៈ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបត្តិIDCផងដែរ។
ពិធីជួបជុំនេះ មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាលជាច្រើនរូបទៀត បានដឹកនាំរៀបចំកម្មវិធីតម្រង់ទិសលើកទី៤ ដើម្បីទទួលយកបេក្ខភាពសមាជិកថ្មីចំនួន៨៥នាក់។
ក្នុងឱកាសនេះដែរ ក៏មានការចុះអនុស្សារណៈយោគយល់រវាងសមាគមIDI និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) តំណាងដោយ លោកមៀវ សុខទ្រី ប្រធានសមាគម ព្រមទាំងសហការី ដោយស្ថាប័នទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក ដើម្បីអប់រំ និងគាំទ្រផលិតផលចំណីអាហារកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស។
ទន្ទឹមនឹងនេះ ស្ថាប័នទាំងពីរនឹងសហការ ផ្តួចផ្តើមយុទ្ធនាការទីផ្សារ ឬព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម ដើម្បីផ្សព្វផ្សាយលើកស្ទួយវិស័យផលិតផលចំណីអាហារកម្ពុជា។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសំដែងនូវមតិស្វាគមន៍ទៅកាន់បេក្ខភាព សមាជិកទាំងអស់ដែលបានចូលរួម និងបានបកស្រាយពីប្រវត្តិនៃការកកើតសមាគម IDI រហូតមកទល់បច្ចុប្បន្ន ក៏ដូចជាសមិទ្ធិផលនានា ដែលសមាគមសម្រាច់បាននាឆ្នាំកន្លងមក។
ជាមួយគ្នានេះ លោក ចាប សុភ័គ បានឡើងធ្វើបទបង្ហាញដែលក្នុងនោះចំណុចសំខាន់ៗ រួមមាន (១) ប្រតិបត្តិការរបស់សមាគម IDI និងក្រុមហ៊ុន IDC (២)គម្រោងវិនិយោគសក្ដានុពល (៣)អត្ថប្រយោជន៍នៃសមាជិកភាព IDI និង (៤)ការចុះឈ្មោះជាសមាជិក IDI។
អត្ថប្រយោជន៍នៃសមាជិកភាពIDI រួមមានដូចជា ផលចំណេញលើគម្រោងវិនិយោគ និងធុរកិច្ច លទ្ធភាពស្នើសុំទុនសម្រាប់គម្រោងវិនិយោគ ការចូលរួមបណ្តាក់ទុន ក្នុងគម្រោងវិនិយោគសក្ដានុពល ការបង្ហាញវត្តមានជាសាធារណៈ ការទទួលបានអតិថិជនសក្ដានុពល និងដៃគូអាជីវកម្ម ការផ្គូផ្គង់អាជីវកម្ម និងបណ្ដាញទំនាក់ទំនង ការប្រឹក្សាបច្ចេកទេស សិទិ្ធពិសេសទទួលបានសេវាកម្ម ពីស្ថាប័នដៃគូ និងការណែនាំ ឬផ្ដល់អាជីវកម្មឲ្យ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃចូលរួមកម្មវិធីតម្រង់ទិសសម្រាប់សមាជិកថ្មី ហើយសន្យាថានឹងដឹកនាំ IDI និង IDC ឲ្យកាន់តែមានភាពលូតលាស់ រីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងសង្គមជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕