វៀតណាម និងកូរ៉េខាងត្បូង មានមហិច្ឆតាជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យឈានដល់១៥០ពាន់លានដុល្លារ

ដោយៈ សុខុម

ហាណូយ: ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធា​នាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានចាត់ទុកថា មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសទាំងពីរ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឈានរហូតដល់១៥០ពាន់លានដុល្លារ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្លែងទៅកាន់ប្រតិភូធុរកិច្ចវៀតណាម និងកូរ៉េខាងត្បូង ក្នុងជំនួបមួយកាលពីសប្តាហ៍មុនថា “ការស្តារសន្ទុះពាណិជ្ជកម្មឡើងវិញ” និង “ការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ” គឺជាកិច្ចការដ៏សំខាន់ ស្របពេលសេដ្ឋកិច្ចពិភពលោក កំពុងជួបការលំបាក។

លោកបានលើកឡើងដោយសុទិដ្ឋិនិយមថា នៅប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌល នៃការរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងលូតលាស់ឆាប់រហ័ស ប្រាកដជាអាចរកឃើញដំណោះស្រាយ ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចកូរ៉េខាងត្បូង ដែលកំពុងមានបញ្ហាពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមទៀតថា “ប្រទេសទាំងពីរ កំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់ទំនាក់ទំនងទ្វេភាគីថ្មី ផ្នែកនវានុវត្តន៍ថ្មី ការធ្វើឌីជីថលនីយកម្ម និងបច្ចេកវិទ្យាខ្ពស់”។

ជាមួយគ្នានេះ លោក Choi Sang-mok ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Yoon Suk-yeol ថាជាការវិវឌ្ឍន៍ដ៏សំខាន់មួយ ក៏ដូចជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរ បន្តមហិច្ឆិតារបស់ខ្លួន ក្នុងការសម្រេចឱ្យបាន នូវទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យឈានដល់១៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ផងដែរ។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងប្រទេសកូរ៉េខាងត្បូង បានឈានដល់៨៧,៧ពាន់លានដុល្លារ ហើយប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។

ទន្ទឹមនេះ ប្រទេសកូរ៉េខាងត្បូង ក៏ជាអ្នកវិនិយោគបរទេសដ៏ធំបំផុតមួយ នៅប្រទេសវៀតណាមផងដែរ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here